header ads

Sponsor

ភ្នំពេញ៖ រដ្ឋាភិបាលសោកស្ដាយចំពោះការសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ (Everything But Arms) ពីកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ ដែលបានឆ្លើយតបការសម្រេចរបស់គណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ កុម្ភៈ។

ក្រសួងការបរទេស អះអាងថា ការសម្រេចរបស់គណៈកម្មការអឺរ៉ុប គឺជារឿងអយុត្តិធម៌សម្រាប់កម្ពុជា។ រដ្ឋាភិបាល យល់ឃើញថា ការសម្រេចរបស់អឺរ៉ុបនេះ ផ្តើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្តែងនៅកម្ពុជា ហើយត្រូវបានយកមកប្រើប្រាស់តាមទំនើងចិត្ត ដើម្បីចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ បើតាមរដ្ឋាភិបាល គណៈកម្មការអឹរ៉ុបកំពុងអនុវត្តស្ដង់ទ្វេរមកលើកម្ពុជា។

«បើទោះជាផ្អែកលើគុណតម្លៃ និងគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់សហភាពអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះ ត្រូវបានជំរុញដោយហេតុផលនយោបាយ ដោយគ្មានការពិចារណាប្រកបដោយកត្តាសត្យានុម័ត និងភាពមិនលំអៀង។ កត្តាទាំងពីរនេះ គឺជាគោលការណ៍គ្រឹះដែលស្ថាប័នអន្តរជាតិ តួយ៉ាងដូចជាគណៈកម្មការអឺរ៉ុបត្រូវតែប្រកាន់ខ្ជាប់ខ្ជួន។ សេចក្តីសម្រេចនេះមិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុបជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត»។នេះបើតាមក្រសួងការបរទេស។

បើទោះជាគណៈកម្មការអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃEBAពីកម្ពុជាក្តី ក៏ក្រសួងការបរទេសអះអាងថា កម្ពុជានៅតែប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងជាមួយសហភាពអឺរ៉ុបបន្ថែមទៀត ដោយឈរលើស្មារតីនៃការគោរព និងការទទួលផលប្រយោជន៍ទៅវិញទៅមក ជាពិសេសអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងតំបន់ ។ ប៉ុន្តែមិនឱ្យអ្នកជ្រៀតជ្រែកចូលផ្ទៃក្នុងកម្ពុជាឡើយ។

ក្រសួងការរបរទេស បានបញ្ជាក់ដូច្នេះថា៖«រាជរដ្ឋាភិបាលកម្ពុជាប្រកាន់យ៉ាងម៉ឺងម៉ាត់នូវជំហរគោលការណ៍ក្នុងការបដិសេធរាល់ការប៉ុនប៉ងដោយដៃគូខាងក្រៅ ក្នុងការប្រើប្រាស់ពាណិជ្ជកម្ម ឬជំនួយអភិវឌ្ឍន៍ ដើម្បីជាលេសក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»។

គណៈកម្មការអឺរ៉ុប បានសម្រេចកាត់ផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ(Everything But Arms) ពីកម្ពុជា។ បានន័យថា អឺរ៉ុបមិនកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាទាំងអស់នោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុប នៅម៉ោង៦ល្ងាចថ្ងៃទី១២ កុម្ភៈ។

ការសម្រេចរបស់គណៈកម្មការអឺរ៉ុប ដោយយោងលើបញ្ហាជាច្រើនចំណុច ដែលបានកើតឡើងនៅកម្ពុជាកន្លងមក។ ក្នុងនោះគណៈកម្មការអឺរ៉ុប បានមើលឃើញពីការរំលោភបំពានសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយមានលក្ខណៈជាប្រព័ន្ធ ដែលផ្ទុយពីកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។

តាមរយៈការកាត់ផ្ដាច់ផ្នែកខ្លះនៃEBAនេះ បានតម្រូវឱ្យកម្ពុជាត្រូវបង់ពន្ធលើមុខទំនិញផ្សេងៗ ដែលមានតម្លៃ១,១ពាន់លានដុល្លារ នៃតម្លៃនាំចូលទីផ្សារអឺរ៉ុបសរុបប្រមាណជាង៥ពាន់លានដុល្លារ ។ វិស័យដែលកម្ពុជារងផលប៉ះពាល់នោះរួមមាន វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងផលិតផលធ្វើដំណើរជាដើម។ ការបង់ពន្ធនេះ ត្រូវបានប៉ានប្រមាណថា កម្ពុជាទំនងជាបាត់បង់ប្រាក់ចំណេញជាង១០០លានដុល្លារក្នុងមួយឆ្នាំ។ កន្លងមកកម្ពុជាអាចទទួលបានផលចំណេញពី៥០០ទៅ៦០០លានដុល្លារ ពីការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប តាមរយៈទំហំពាណិជ្ជកម្មជាង៥ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨ ។

កម្ពុជា នឹងត្រូវបង់ពន្ធនាំចូលទំនិញទៅទីផ្សារ នៅខែសីហា ឆ្នាំ២០២០ គឺ៦ខែក្រោយការសម្រេចរបស់គណៈកម្មការអឺរ៉ុប។ នេះបើតាមការលើកឡើងរបស់សម្ដេច ហ៊ុន សែន កន្លងមក៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post