ទីភ្នាក់ងាររដ្ឋាភិបាលចិន បាននិយាយកាលពីថ្ងៃចន្ទទី២កុម្ភៈថា ប្រទេសខ្លួនបានបង្កើនការប្រុងប្រយ័ត្ន ក្នុងករណីមានការវាយប្រហារដោយហ្វូងសត្វកណ្តូប ខណៈប្រភេទសត្វល្អិតនេះ ទើបបានបំផ្លិចបំផ្លាញដំណាំកសិកម្មនៅក្នុងប្រទេសប៉ាគីស្ថាន ឥណ្ឌា និងអាហ្វ្រិកខាងកើត និងកំពុងធ្វើដំណើរឆ្លងកាត់ព្រំដែនចូលមកកាន់ប្រទេសចិន។
រដ្ឋបាលព្រៃឈើជាតិចិនបានបញ្ជាក់ថា ថ្វីត្បិតអ្នកជំនាញជឿជាក់ថា ហានិភ័យនៃការលុកលុយចូលក្នុងប្រទេសបង្កឱ្យមានគ្រោះមហន្តរាយមានកម្រិតទាបក៏ដោយ ក៏ប្រទេសចិន នឹងត្រូវរងផលប៉ះពាល់ក្នុងដំណើរសត្វកណ្តូបវាលខ្សាច់នេះដែរ ដោយសារតែកង្វះបច្ចេកទេសត្រួតពិនិត្យ និងមានចំណេះដឹងតិចតួចអំពីការផ្លាស់ទីរបស់ហ្វូងសត្វទាំងនេះ។
ទីក្រុងប៉េកាំងបានកោះប្រជុំក្រុមការងារ ដើម្បីឃ្លាំមើលនិងត្រួតពិនិត្យ ហើយប្រសិនបើអាចធ្វើទៅបាន គឺដើម្បីការពារការមកដល់នៃសត្វល្អិតទាំងនេះ។ រដ្ឋាភិបាលចិន ក៏គ្រោងនឹងរៀបចំការប្រជុំក្រុមអ្នកជំនាញនៅខែមីនានេះ ដើម្បីពិភាក្សានិងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ទូទាំងប្រទេស រួមទាំងប្រព័ន្ធប្រកាសអាសន្ន។
ខណៈពេលដែលរដ្ឋាភិបាលចិនបាននិយាយថា ការគំរាមកំហែងរបស់សត្វកណ្តូប គឺមានតិចតួច ក៏ការដាស់តឿនត្រូវបានធ្វើឡើងចាប់តាំងពីពាក់កណ្តាលខែកុម្ភៈនៅពេលដែលក្រសួងកសិកម្ម បានសម្រេចចិត្តតាមដានចលនារបស់សត្វកណ្តូប និងសិក្សាពីវិធីដើម្បីកុំឱ្យពួកវាចូលមកប្រទេសចិន។
កណ្តូបអាចធ្វើឱ្យសេដ្ឋកិច្ចចិន ដែលកំពុងរងការវាយប្រហារដោយវីរុសកូរ៉ូណាថ្មី កាន់តែធ្លាក់ចុះបន្ថែមទៀត។ នៅឆ្នាំ២០១៨ វិស័យកសិកម្ម បានចូលរួមចំណែកប្រហែល៧,២ភាគរយ ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន នេះបើយោងតាមស្ថិតិរបស់ក្រុមហ៊ុនទិន្នន័យនិងទីផ្សារអ្នកប្រើប្រាស់អាឡឺម៉ង់។
សត្វកណ្តូបវាលខ្សាច់ គឺជាសត្វល្អិតចង្រៃដែលចាស់ជាងគេ និងមានការបំផ្លាញបំផុតក្នុងពិភពលោក ដែលបង្កការខូចខាតដល់ដំណាំ វាលស្មៅ និងសំបកឈើ។ យោងទៅតាមអង្គការសហប្រជាជាតិ ប្រភេទសត្វល្អិតដែលហោះហើរមានទំហំ១គីឡូម៉ែត្រក្រឡា គឺអាចស៊ីអាហារមួយថ្ងៃស្នើទៅនឹងចំនួនមនុស្ស៣៥,០០០នាក់៕
ប្រភព៖ South China Morning Post
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpaiNDTZbO6tg6lLXXANX0QaHIjMZCBqWkYANIV6VIVIwPCB0Mb7X_uqa8zPXpQYj64tLtl8e6HSqe-H65oXphiOmnT3byiVTQrmJgYQ-2T6PnruGLFnk3Yw68qDdtXxVI7Dqmzfl7f7Ev/s1600/photo_2020-03-02_22-48-05.jpg)
ផ្ដល់សិទ្ធិដោយ៖ khmernas