នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រដ្ឋាភិបាលចិនបាននិយាយថា ដោយមើលឃើញពីការរីករាលដាលយ៉ាងឆាប់រហ័សនៃកូវីដ១៩(Covid-19) នៅទូទាំងពិភពលោក ប្រទេសចិនបានសម្រេចចិត្តផ្អាកការចូលប្រទេសចិនជាបណ្តោះអាសន្ន ចំពោះជនជាតិបរទេសដែលកាន់ទិដ្ឋាកាឬលិខិតអនុញ្ញាតស្នាក់នៅ គិតត្រឹមថ្ងៃទី២៨ខែមីនា។
អ្នកដែលមានបំណងចូលក្នុងប្រទេសចិន ត្រូវដាក់ពាក្យសុំទិដ្ឋាការថ្មីនៅស្ថានទូតឬស្ថានកុងស៊ុលចិនប្រចាំនៅក្នុងប្រទេសអ្នកទាំងនោះ។ សេចក្តីប្រកាសនេះ មិនបានបញ្ជាក់ថា រយៈពេលផ្អាកចូលទឹកដីចិននេះ នឹងត្រូវធ្វើឡើងដល់ពេលណានៅឡើយទេ។
ការសម្រេចចិត្តបិទប្រទេសរបស់រដ្ឋាភិបាលចិននេះ គឺដើម្បីបង្ការកុំឱ្យមានការផ្ទុះឡើងជាលើកទី២ នៃវីរុសកូវីដ១៩ បន្ទាប់ពីប្រទេសចិនបានរាយការណ៍ថា ករណីនាំចូលអ្នកឆ្លងវីរុសនេះពីក្រៅប្រទេសចូលមកក្នុងទឹកដីចិន មានចំនួនជាង៥០០ករណី។
ចំនួននៃការឆ្លងជំងឺថ្មីនៅក្នុងប្រទេសចិនបានថយចុះដល់កម្រិតមួយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ខណៈទីក្រុងវ៉ូហាន ដែលជាទីក្រុងចំណុចកណ្តាលនៃការផ្ទុះជំងឺនេះដំបូងគេ នៅតែស្ថិតក្នុងការបិទចរាចរណ៍ចេញចូលនៅឡើយ ប៉ុន្តែភាគច្រើននៃប្រទេសនេះកំពុងវិលមករកភាពធម្មតាវិញ៕
ប្រភព៖ CNN
ផ្ដល់សិទ្ធិដោយ៖ khmernas