header ads

Sponsor



CAMSOC-ភ្នំពេញ៖ មានប្រសាសន៍នៅក្នុងបទសម្ភាសន៍នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញនូវក្តីរីករាយ ចំពោះការចូលរួមរបស់ស្ត្រី ក្នុងកីឡារត់ប្រណាំងកម្សាន្តច្រើនជាង៥០%នៃចំនួន២០០០នាក់ នៃទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ដែលគ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ អបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។
ឯកឧត្តម វ៉ាត់ ចំរើន អះអាងថា «គិតមកដល់ពេលនេះ អ្នកចុះឈ្មោះចូលរួមរត់ប្រណាំងកម្សាន្តមានចំនួន២០០០នាក់ហើយ ដោយបានបិទបញ្ចប់ការចុះឈ្មោះ ប៉ុន្តែនៅថ្ងៃទី៦ និងថ្ងៃទី៧ មីនា ចំពោះអ្នកដែលមានបំណងចង់ចូលរួមរត់អាចទៅចុះឈ្មោះនៅសួនច្បារមុខវត្តបទុមវតីបាន និងទទួលលេខកូដរត់ ខោអាវរត់ និងពត៌មានផ្លូវរត់ជាដើម។ ក្នុងចំណោមអ្នក ចុះឈ្មោះ២០០០នាក់ គឺមានច្រើនជាង៥០% គឺជាស្ត្រី ដែលឯកឧត្តមអគ្គលេខាធិការចាត់ទុកថាជាជោគជ័យថ្មីមួយទៀត ក្នុងការចូលរួមរបស់ស្រ្តីក្នុងវិស័យកីឡាកម្ពុជាជាមួយនឹងភាពផុសផុលយ៉ាងខ្លាំង។ ឯកឧត្តមរីករាយ ដែលឃើញស្ត្រីបានស្វែងយល់ពីអត្ថប្រយោជន៍នៃតម្លៃកីឡា ដោយទិវានេះនឹងផ្តល់ឲ្យស្ត្រីទទួលបាននូវថាមពលនៃកម្លាំងកាយ ថាមពលនៃបេះដូង និងសុខភាពល្អប្រសើរផងដែរ។ គោលដៅនៃទិវាគឺផ្តល់សុខុមាលភាពជូនដល់អ្នករត់ទាំងឡាយ ក៏ដូចជាសុខុមាលភាពរបស់សង្គមជាតិយើងទាំងមូលទៀតផង»។
ឯកឧត្តមអគ្គលេខាធិការបន្ថែមថា ក្រោមការដឹកនាំរបស់ឯកឧត្តបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងតែបានជំរុញសកម្មភាពគ្រប់ប្រភេទកីឡាទាំងអស់ ជាពិសេសគឺប្រភេទកីឡា ដែលប្រមូលផ្តុំដោយមហាជន ដូចជារត់ប្រណាំងកម្សាន្តជាដើម ដោយនៅឆ្នាំ២០២០នេះ ឯកឧត្តមប្រធាន NOCC ជំរុញ លើទិវាកីឡារត់ប្រណាំងស្ត្រី១០គីឡូម៉ែត្រ ក្នុងនោះមានវិញ្ញាសារត់កម្សាន្ត Fun Run ៤គីឡូម៉ែត្រដែរ ដោយគ្រោងនឹងរៀបចំការប្រកួតនាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ អបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។ ទិវារត់ប្រណាំងស្ត្រី អបអរទិវាសិទ្ធិនារីអន្តរជាតិនេះ ទទួលបានការអនុញ្ញាតពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែងដល់ការរៀបចំនេះ ដោយក្នុងនោះឯកឧត្តមអភិបាលក៏ផ្តោតការយកចិត្តទុកដាក់លើការរក្សាបាននូវអនាម័យ បរិស្ថាន សុវត្ថិភាពចរាចរ និងបញ្ហាមួយចំនួនទៀត។
ពេលនេះគណៈកម្មការបច្ចេកទេសបានរៀបចំផែនការច្បាស់លាស់នៃផ្លូវរត់ ដោយចេញដំណើរពីសួនច្បារវត្តបទុមវតី ឆ្លងកាត់រង្វង់មូលរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត ចូលទៅកោះពេជ្រ រួចហើយចេញពីកោះពេជ្រមកវិញតាមផ្លូវមុខសណ្ឋាគារកាំបូឌីយ៉ាណា-មុខវាំង រូចបត់ក្រោយ ត្រឹមចំណុវត្តឧណ្ណាលោម តម្រង់ទិសមកកាន់សួនច្បារវត្តបទុមវតី ដែលជាកន្លែងចេញដំណើរ (១០គីឡូម៉ែត្រ)។ ចំពោះ វិញ្ញាសារត់៤គីឡូម៉ែត្រ ចេញពីទីតាំងចេញដំណើរដូចគ្នាហើយឆ្ពោះទៅកាន់កោះពេជ្រ ត្រឡប់មកកន្លែងចេញដំណើរវិញ។ គណៈកម្មការរៀបចំបានចាត់តាំងក្រុមការងារស្ម័គ្រចិត្តផ្នែកប្រមូលសំរាម ឬដបទឹក ដែលអ្នករត់ទាំងអស់អាចបោះចូលក្នុងធុងសំរាម ដែលស្ថិតនៅស្ថានីយទឹកចម្ងាយពីគ្នា២គីឡូម៉ែត្រ។ យើងបានត្រៀមការរៀបចំយ៉ាងយកចិត្តទុកដាក់ និងហ្មត់ចត់បំផុត ដើម្បីធ្វើឲ្យទិវាមួយនេះ ទទួលបានជោគជ័យ ស្របតាមគោលការណ៍កីឡាបៃតង។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម៕
ប្រភព៖ Cambodia SEA GAMES 2023

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post