header ads

Sponsor

ពីវិមានសន្តិភាព នៅព្រឹកមិញថ្ងៃទី ២៥ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបញ្ជាឲ្យស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាគ្រប់គ្រងជាបន្ទាន់នូវពលករខ្មែរចំនួនប្រមាណ ១៥,០០០ នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃចូលកម្ពុជា កាលពីពេលថ្មីៗនេះ ដើម្បីឲ្យពួកគេអនុវត្តន៍វិធានការ “ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ” ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក គឺមិនសំដៅដល់ការយកពលករទាំងនោះទៅក្រុងទុកនោះទេ ប៉ុន្តែគឺជាការដាក់ខ្លួនឯងនៅក្នុងផ្ទះ ដោយមិនឲ្យប៉ះពាល់ជាមួយសមាជិកគ្រួសារ ហើយត្រូវតាមដានសុខភាពជាប្រចាំ។ ប្រសិនបើមានការសង្ស័យថាអាចមានរោគសញ្ញានេះកើតមានឡើង គឺត្រូវរាយការណ៍ជាប្រញាប់ទៅអាជ្ញាធរ ឬមន្ត្រីសុខាភិបាលភ្លាម។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចេញបទបញ្ជាបញ្ជាក់ច្បាស់ថា «មន្រ្តី និងអាជ្ញាធរពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែគ្រប់គ្រងជាបន្ទាន់ នូវពលករមកពីប្រទេសថៃ ដែលបានវិលចូលមកក្នុងប្រទេសរួចមកហើយ គឺត្រូវតាមគ្រប់គ្រងអ្នកទាំងអស់នោះ ដែលត្រូវប្រគល់ការងារនេះ ឲ្យទៅអជ្ញាធរខេត្តរៀបចំបណ្តាញចុះធ្វើការ ដើម្បីដាក់បងប្អូនកូនក្មួយពលករឲ្យរស់នៅដោយឡែកនៅតាមផ្ទះមួយរយៈសិន។ ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ខ្ញុំមានការលើកទឹកចិត្តណាស់ ម្សិលមិញគ្រប់មធ្យោបាយនៃការឃោសនា គឺត្រូវបានធ្វើដោយរថយន្តក្តី ដោយម៉ូតូក្តី ដោយកង់បីក្តី ដែលមានដាក់មេក្រូស្រែកតាមភូមិ»។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនពលករទាំងអស់កុំមានការភ័យខ្លាច អ្នកខ្លះថាខ្លាចគេយកទៅក្រុងទុក ឥឡូវបើមិនចង់ឲ្យគេយកទៅក្រុងទុក គឺសូមនៅតែក្នុងផ្ទះទៅ កុំដើរទៅណា ហើយត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកឆ្ងាយពីគេមួយរយៈពេលសិន ហើយបើមានប្រពន្ធកូន កុំអាលទៅជិតប្រពន្ធកូន ខ្លាចឆ្លងដល់ប្រពន្ធកូន គឺមិនមានអ្វីដែលត្រូវភ័យនោះទេ គឺធ្វើបែបនេះដើម្បីធានាសុខភាពរបស់បងប្អូនកូនក្មួយពលករទាំងអស់គ្នាកុំអោយមានឆ្លងជំងឺកូវីឌ-១៩ ពីម្នាក់ទៅម្នាក់ទៀតនៅក្នុងក្រុមគ្រួសារ និងសហគមនីមួយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post