កំពង់ឆ្នាំង៖ ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងផ្អាកការលក់ដូរបណ្តោះអាសន្ន ខណៈក្រសួងសុខាភិបាល បានរកឃើញជនជាតិខ្មែរអ៊ីស្លាមម្នាក់ ដែលជាអាជីវករ បានឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីខ្មែរអ៊ីស្លាមម្នាក់នេះ ត្រឡប់ពីពិធីបុណ្យសាសនា នៅប្រទេសម៉ាឡេស៊ី។
អាជីវករម្នាក់ សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា អ្នកលក់នៅក្នុងផ្សារសាលាលេខ៥ បានផ្អាកការលក់រយះពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានផ្ទុះវីរុសកូវីដ១៩លើអាជីវករខ្មែរអ៊ីស្លាមម្នាក់។
អាជីវករម្នាក់នេះ លើកឡើងដូច្នេះថា« ខ្ញុំមិនមានការរើសអើងបងប្អូនខ្មែរអ៊ីស្លាមទេ ប៉ុន្តែខ្ញុំខ្លាចអំណាចនៃការឆ្លងជំងឺកូវីដ១៩នឹង ព្រោះមើលទៅឆ្លងសាហាវណាស់។ អាជីវករយើងដូចជាអ្នកលក់សម្លៀកបំពាក់ ជាពិសេសអ្នកលក់មាសជាដើម បានផ្អាកលក់ស្ទើរទាំងអស់។ ហើយពួកយើងអាជីវករនឹងបើកលក់ឡើងវិញនៅពេលឆាប់ៗនេះ បន្ទាប់ពីកូវីដ១៩ចុះខ្សោយវិញ»។
សូមបញ្ជាក់ថា បុរសជនជាតិខ្មែរអ៊ីស្លាមអាយុ ២៨ ឆ្នាំ ដែលក្រសួងសុខាភិបាលរកឃើញមានផ្ទុកវីរុសកូវី១៩ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ដើម្បីពិនិត្យតាមដាន និងព្យាបាល។
គិតត្រឹមថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២០ នៅខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣នាក់ហើយ គឺជាជនជាតិខ្មែរអ៊ីស្លាមទាំងអស់។
គិតត្រឹមម៉ោង ៥:00 នាទី ល្ងាចថ្ងៃទី ២១ ខែមីនា កម្ពុជា បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ៥១នាក់ នៅទាំងនៅទូទាំងប្រទេស ភាគច្រើនជាជនជាតិខ្មែរអ៊ីស្លាម៕
ផ្ដល់សិទ្ធិដោយ៖ Khmernas