header ads

Sponsor

 ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់ទឹក​ដោយសន្សំសំចៃបំផុត ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ជាយក្រុង ដោយសារតែសមត្ថភាពនៃការផលិតទឹកស្អាត ក្នុង១ថ្ងៃបានត្រឹម៦០ម៉ឺនម៉ែត្រគូប តែត​ម្រូវការប្រើប្រាស់ មានរហូតដល់៧០ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ។ នេះបើតាម​សេចក្តីប្រ​កាស​ព័ត៌មានរបស់រដ្ឋាករទឹក នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២០។

បើតាមសេចក្តីប្រកាស បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ រដ្ឋាករទឹកមានរោងចក្រផលិត​ទឹកស្អាតសរុបចំនួន៤ ផលិតទឹកស្អាតបានជាមធ្យម៦០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ប៉ុន្តែជាក់​ស្តែង ជាមួយនឹងការលូតរាស់នៃរាជធានីភ្នំពេញ និងកំណើនប្រជាជន ធ្វើឲ្យតម្រូវ​ការទឹកស្អាត បានកើនឡើងខ្ពស់ដល់ ៧០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ដែលធ្វើមាន​ការខ្វះ​ខាត​ទឹកស្អាត សម្រាប់ចែកចាយ ជាពិសេសតំបន់ជាយក្រុងក្នុង​ម៉ោងមានតម្រូវការ​ទឹកខ្ពស់។

រដ្ឋាករទឹកបានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាតនេះ រដ្ឋាករទឹកកំពុងបន្តសាងសង់បន្ថែមនូវរោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅបាក់​ខែង ដែលនឹងអាចផលិតទឹកស្អាតបាន៣៩ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ក្នុងឆ្នាំ២០២៣៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post