header ads

Sponsor

ភ្នំពេញ៖ ពលរដ្ឋមិនត្រូវជួលដីស្រែនៅតាមព្រំដែនឱ្យវៀតណាម ដើម្បីបង្កបង្កើនផលឡើយ ព្រោះវាអាចនាំឱ្យមានទំនាស់ដីធ្លីនាពេលខាងមុខ។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៣ មីនានេះ។

សម្ដេច ស ខេង ចាត់ទុកការជួលដីរបស់ពលរដ្ឋនៅតាមព្រំដែន ជាសកម្មភាពខុសច្បាប់ ដែលត្រូវទប់ស្កាត់។ បើតាមសម្ដេច អាជ្ញាធរមូលដ្ឋានទាំងអស់ ទប់ស្កាត់កុំសកម្មភាពជួលដីនៅតាមព្រំដែនកើតឡើងឡើយ ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននិយាយដូច្នេះថា៖«គេសុំជួលដី ដើម្បីបង្កបង្កើនផលនៅតាមព្រំដែន អាហ្នឹងកុំឱ្យមានឱ្យសោះ។ យើងនៅសល់ដីប៉ុណ្ណឹងទេ ហើយរឿងយើងទៅដណ្ដើមដីគេ យើងអត់ដែលចេះទេ ក្នុងប្រវត្តិសាស្រ្តខ្មែរ គឺមានតែគេមកដណ្ដើមដីយើង»។

សម្រាប់សម្ដេច ស ខេង ការជួលដីឱ្យពលរដ្ឋប្រទេសជិតខាងនេះ វាមិនបានផ្ដល់ផលចំណេញអ្វីនោះទេ ប៉ុន្តែវាក៏អាចបង្កទៅជាជម្លោះទៅវិញ ក៏ថាបានដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះបង្គោលព្រំដែនកម្ពុជា-វៀតណាម បោះបាន៨៤ភាគរយហើយ នៅសល់១៦ភាគរយទៀត ភាគីទាំងពីរនៅបន្តដោះស្រាយបញ្ចប់។ នេះបើតាមសន្ធិសញ្ញាបំពេញបន្ថែមរវាងរដ្ឋាភិបាលកម្ពុជា-វៀតណាម ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី៥ តុលា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាមកន្លងមក។

ផ្ដល់សិទ្ធិដោយ៖ KHMERNAS

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post