header ads

Sponsor


អ្នករៀនមានតែចំណេះ ប្រើវាតាមចេះ តាមសីលធម៌ ដើរតាមផ្លូវល្អនៃវិជ្ជា មិនអាច​កាច​ មិនអាច​លោភលន់​ មិនតណ្ហាធ្ងន់ ក្លាយជាអ្នកមាន ក្លាយជាអ្នកឃ្លៀនញៀននឹងឋានៈ។ អ្នករៀនគ្រាន់តែចង់មាន ជីវភាពសមរម្យ រស់ដោយមនោរម្យ ជីវិតជួបជុំគ្រួសារ​ មិតភ័ក្រ បង្កើនមិត្តមិនបង្កើតសត្រូវ រក្សាឈ្មោះនៅក្នុងនាមអ្នកជា។

ចូរកុំប្រមាថថាបណ្ឌិតថោកទាប បណ្ឌិតបុណ្យស័ក្តិទាប​ បណ្ឌិត​គ្មានសមត្ថភាព សូមពិចារណាដោយប្រើវិចារណ ទើបបានប្រត្យក្សថាអ្វីជាបណ្ឌិត។ បណ្ឌិតមានច្រើន បណ្ឌិតចម្រើនគឺបណ្ឌិតស្រាវជ្រាវ ខិតខំសិក្សា រាវរកវិជ្ជាទម្រាំបានជាគ្នា សញ្ញាបត្រមួយសន្លឹក។ ឆ្លងកាត់ព្យុះភ្លៀង ឆ្លងកាត់វេហា វាយោបក់បោក​ រងារញាប់ញ័រ​ ត្រូវគ្រូបន្ទោស ត្រូវគ្រូត្រាយប្រាប់ កែតម្រង់ទាល់ចប់ ទើបបានការពារ។ មុននឹងការពារស្នាដៃវិជ្ជា ត្រូវឆ្លងគណៈកម្មការ ត្រួតពិនិត្យ​ផ្ចិតផ្ចង់​ បើមិនគ្រប់ជ្រុងលក្ខខណវិន្និច្ឆ័យ ប្រាកដជាក្ស័យគ្មានថ្ងៃការពារ​ បញ្ចប់ក៏មិនបានសញ្ញាបត្រក៏គ្មាន ដូច្នេះគួរឈប់ដៀលបណ្ឌិតទៀតទៅ។

បណ្ឌិតជាឈ្មោះគឺបណ្ឌិតកិត្តិយស ផ្តល់ជូនមនុស្សបានសាងស្នាដៃ​ មានការលះបង់ កសាងសង្គម ធ្វើមនុស្សធម៌ ធ្វើជាគំរូល្អដល់សង្គមជាតិ។ បណ្ឌិតមួយទៀត​ បណ្ឌិតឆ្លៀតពង បណ្ឌិត​រាយរង​ បណ្ឌិត​ក្លែងក្លាយ​ បណ្ឌិតបានមកដោយចំណាយ ចាយលុយទិញសញ្ញាបត្រ។ បណ្ឌិត​ផ្សេងទៀត​ លក្ខខណ្ឌមិនចង្អៀត លក្ខខណ្ឌពិសេស សម្រាប់អ្នកចង់បន្តចំណេះ ចង់បានសញ្ញាបត្រ គ្រាន់តែលម្អលើកទឹកចិត្តខ្លួន ធ្វើជាគំរូក្នុងគ្រួសារ ដោយមិនប្រាថ្នាដូចបណ្ឌិតស្រាវជ្រាវ។ បណ្ឌិត​ឯទៀត​ មិនមែនបណ្ឌិតពិត តែខំប្រឌិតថាខ្លួនបណ្ឌិត តែតាមការពិត មិនបានចប់បណ្ឌិតឡើយ បានរៀនបណ្ឌិតនឹងគេ តែត្រូវទម្លាក់ធ្លាក់លក្ខខណ្ឌតម្រូវ អ្នកផង​ទាំងឡាយ​មិនដឹងរឿងអ្វី ក៏ហៅបណ្ឌិតទៅ។

ដូច្នេះគួរកុំច្រលំ នាំតែសង្គមយល់ខុស បណ្ឌិត​អ្នករៀន​ ត្រូវឆ្លងលក្ខខណ្ឌយ៉ាងតឹងតែង មិនមានសមត្ថភាព ប្រាកដជាចម្បែង ប្រាកដជាមិនដល់កន្លែង ហៅថាបណ្ឌិត។ បណ្ឌិត​អួត​ បណ្ឌិត​អាង​ បណ្ឌិតច្រងេងច្រង៉ាង ជាលក្ខណៈបុគ្គល ឥរិយាបទ​ឫកពា​ មិនមែនជាលក្ខណៈសម្បតិ្តបណ្ឌិតពិត។ បណ្ឌិត​ភាគច្រើន​លើសលប់ នាំសង្គមពិភពលោករីចម្រើន។ ខ្ញុំមាននិងសល់តែបណ្ណឹងដូចក្នុងរួបនេះ​ ក៏ប៉ុន្តែមិនរស់នៅក្រោមបន្ទាត់ក្រីក្រទេ គឺមានជីវភាពសាមញ្ញសមរម្យមួយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post