លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានច្រានចោលសារសំលេង ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមថា អាជ្ញាធរនឹងបិទទីក្រុងភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា៖ « ក្នុងនាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា សារសំលេងដែលកំពុងចែកចាយតាម Messenger និងគ្រុប Social Media មួយចំនួនទៀតក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះថា នឹងមានការបិទទីក្រុងនោះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចលវឹកវរក្នុងសង្គមតែប៉ុណ្ណោះ»។
លោក ម៉េត មាសភក្តី បានបន្តថា ការប្រឌិតព័ត៌មាននេះ ក៏ជាចេតនាធ្វើឱ្យមានការសម្រុកទិញទំនិញមកស្តុកបម្រុងទុក ដែលនាំឱ្យ ជនឆ្លៀតឱកាសឡើងតម្លៃថ្លៃផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានច្រាលចោលពាក្យចចាមអារ៉ាមដែលថានឹងមានការបិទខេត្តព្រះសីហនុផងដែរ ដោយបញ្ជាក់ថា៖ « នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ នៅទូទាំងខេត្តព្រះសីហនុទាំងមូល មិនមានការបិទក្រុងនោះទេ ប្រជាពលរដ្ឋ និងសាធារណជនអាចចេញចូលជាធម្មតា ដោយមិនមានការហាមប្រាមអ្វីនោះទេ»៕ AKP
ផ្ដល់សិទ្ធិដោយ៖ khmernas