header ads

Sponsor

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៩ កុម្ភៈ អគ្គនាយកដ្ឋានពន្ធដារ រួមនឹងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានផាកពិន័យរថយន្ត ៥,៤៩៦គ្រឿង ដែលមិនបានប្រកាសបង់ពន្ធទាន់ពេលវេលាស្របតាមការកំណត់ដោយច្បាប់ នៅកន្លែងគោលដៅត្រួតពិនិត្យក្នុងក្របខណ្ឌទូទាំងប្រទេស។ អគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រមូលប្រាក់ពន្ធ និងផាកពិន័យលើទោសទណ្ឌ លើរថយន្តទាំងនេះ បានចំនួន៤៣៤៦លានរៀល ដែលស្មើប្រមាណជា១លនដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៦ មីនា។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ដូច្នេះថា៖« ដោយសង្កេតឃើញមានរថយន្តដែលមិនទាន់ប្រកាសបង់ពន្ធនៅតែបន្តធ្វើចរាចរណ៍នៅលើដងផ្លូវនៅឡើយ ដូចនេះក្រុមការងារចម្រុះនៃអគ្គនាយកដ្ឋានពន្ធដារនៅតែបន្តយុទ្ធនាការចុះត្រួតពិនិត្យ លើយានយន្តណាដែលមិនទាន់បង់ពន្ធប្រភេទនេះ ដើម្បីឱ្យច្បាស់ថាយានយន្តទាំងអស់ បានបំពេញកាតព្វកិច្ចបង់ពន្ធដោយស្មើភាពគ្នាតាមការកំណត់ដោយច្បាប់»។

ទន្ទឹមនឹងនេះអគ្គនាយកដ្ឋានពន្ធដារ ក៏ក្រើនរំឭកម្ចាស់ក្រុមហ៊ុន សហគ្រាស សាធារណជន និងម្ចាស់រថយន្តទាំងអស់ ត្រូវរួសរាន់ទៅប្រកាសពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៩ ឱ្យបានទាន់ពេលវេលា នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ និងធនាគារពាក់ព័ន្ធ រួមមានធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ និងធនាគារកម្ពុជាសាធារណៈជាដើម ដើម្បីបញ្ចៀសការឃាត់រថយន្តតាមដងផ្លូវដោយមន្ត្រីពន្ធដារ និងកងកម្លាំងមានសមត្ថកិច្ច ដែលអាចនាំឱ្យមានការកកស្ទះចរាចរណ៍ ខាតពេលវេលា និងអាចកើតមាននូវបាតុភាពអសកម្ម ដោយប្រការណាមួយជាយថាហេតុ៕

ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post