header ads

Sponsor




ពិព័រណ៍សមិទ្ធផលការងាររយៈពេល២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា ត្រូវបានរៀបចំជាលើកទី២នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយស្ថាប័នអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូក បានទទួលការគាំទ្រយ៉ាងច្រើនពីសាធារណជន។
លោក តែម ចន្ថា មគ្គុទ្ទេសក៍ទេសចរណ៍ខេត្តសៀមរាបបានលើកឡើងថា ការតាំងពិព័រណ៍នេះ បានឱ្យលោកដឹងពីសមិទ្ធផលអភិរក្សនិងអភិវឌ្ឍន៍ជាច្រើនក្នុងរយៈពេល២៥ឆ្នាំនៅក្នុងរមណីយដ្ឋានអង្គរដូចជា ការជួសជុលអភិរក្សប្រាសាទ ការកំណាយស្រាវជ្រាវ ការរៀបចំសួនមុខប្រាសាទអង្គរវត្ត សណ្តាប់តាមប្រាសាទ។ល។
លោកបន្ថែមថា សាធារណជនទាំងអស់គួរតែចូលរួមទស្សនាដើម្បីស្វែងយល់ពីការងាររបស់អាជ្ញាធរជាតិអប្សរានិងការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាប្រយោជន៍សម្រាប់អាជីពជាមគ្គុទ្ទេសក៍ទេសចរណ៍និងអភិវឌ្ឍន៍ចំណេះដឹងផ្ទាល់ខ្លួន។ លោកមានទស្សនៈថា ការបង្កើតឱ្យមានស្ថាប័នជាតិមួយនេះ បានផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋនិងប្រទេសជាតិទាំងផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងការអភិរក្សសម្បត្តិដូនតា បើគ្មានស្ថាប័ននេះទេ ច្បាស់ជាតំបន់អង្គររងការទន្ទ្រានយកដីសាងសង់លំនៅដ្ឋាន ការកាប់បំផ្លាញព្រៃឈើ និងការបំផ្លាញបុរាណដ្ឋានមិនខាន។
លោក ស៊ិន បញ្ញា និស្សិតឆ្នាំទី១នៃសាកលវិទ្យាបញ្ញាសាស្រ្ត បានឱ្យដឹងថា ការតាំងពិព័រណ៍គម្រប់ខួប២៥ឆ្នាំរបស់អាជ្ញាធរជាតិអប្សរា បានឱ្យលោកស្វែងយល់ពីការសាងសង់ ជួសជុលប្រាសាទរបស់ដូនតាឱ្យមានភាពរឹងមាំរាប់រយឆ្នាំមកដល់សព្វថ្ងៃ រួមទាំងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ ដែលផ្តល់ជាប្រយោជន៍ដល់រូបលោក ក៏ដូចជាយុវជន សិស្ស និស្សិតផ្សេងៗទៀត។ លោក ស៊ិន បញ្ញា ក៏មានបំណងឱ្យកម្មវិធីតាំងពិព័រណ៍នេះធ្វើឱ្យបានច្រើនដង ដើម្បីផ្សព្វផ្សាយ អប់រំ ចំណេះដឹងដល់សាធារណជនឱ្យស្គាល់ពីតម្លៃសម្បតិ្តដូនតានិងជាតិទាំងមូល។
ព្រះតេជគុណ កែវ វិថៃ សាមណសិស្សមកពីសីហនុរាជ្យខេត្តបាត់ដំបងមានសង្ឃដីការថា អាត្មាបានស្គាល់អាជ្ញាធរជាតិអប្សរាតាមរយៈកិច្ចការថែទាំបេតិកភណ្ឌ ក្នុងនោះមានការជួសជុលអភិរក្សប្រាសាទបុរាណនានា ហើយនឹងតាមរយៈវិស័យទេសចរណ៍ មិនតែប៉ុណ្ណោះសេដ្ឋកិច្ចជាតិមួយផ្នែកធំក៏ទទួលបានតាមរយៈរមណីយដ្ឋានអង្គរ។ ព្រះអង្គបានចាប់អារម្មណ៍ទាក់ទងនឹងការជួសជុលប្រាសាទនិងការគ្រប់គ្រងទឹក ដែលដូនតាខ្មែរបានរៀបចំប្រព័ន្ធធារាសាស្រ្តបានយ៉ាងល្អជាយូរមកហើយ និងជាការលើកតម្កើង ពិសេសផ្សព្វផ្សាយទៅកាន់ពិភពលោកពីជាតិសាសន៍ខ្មែរលើឆាកអន្តរជាតិ។ ព្រះអង្គបានសំណូមពរឱ្យមានកម្មវិធីនេះជាបន្តបន្ទាប់ទៀតដើម្បីឱ្យអ្នកសិក្សារៀនសូត្រយល់ដឹងពីសម្បត្តិបេតិកភណ្ឌ និងចូលរួមថែរក្សាទាំងអស់គ្នា។
កញ្ញា គង់ រស្មី និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្របានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាជាស្ថាប័នការពារ អភិរក្ស ថែទាំរមីយដ្ឋានអង្គរ ហើយការដែលបង្កើតកម្មពិធីពិព័រណ៍នេះឡើងគឺពិតជាល្អណាស់ ព្រោះថាប្រជាជនមួយចំនួនតូចមិនបានយល់ច្បាស់ពីកិច្ចការដែលស្ថាប័ននេះកំពុងតែធ្វើឡើយ ហើយថែមទាំងមានគំនិតអវិជ្ជមានចំពោះអាជ្ញាធរជាតិអប្សរាទៀតផង ។ កញ្ញាបន្តថា ដោយជាក់ស្តែងអាជ្ញាធរជាតិអប្សរាបានខិតខំបំពេញឡើងវិញនូវទឹកក្នុងកសិន្ធុ និងបារាយណ៍នានាដែលបានស្ងួត និងមានទឹកឡើងវិញគ្រប់រដូវកាលដែលប្រព័ន្ធធារាសាស្រ្តទាំងនោះជួយពង្រឹងគ្រឹះប្រាសាទបានយ៉ាងល្អ។ ក្នុងនាមជាកូនខ្មែរគ្រប់រូបកុំគិតថា យើងមនុស្សតែម្នាក់ មិនអាចជួយអ្វីបាន ប៉ុន្តែអ្វីក៏ដោយផ្តើមចេញពីពលរដ្ឋម្នាក់ៗនិងទាំងអស់គ្នា និងផ្តើមចេញពីខ្លួនយើង នៅពេលយើងចូលរួមនៅក្នុងការអភិរក្ស និងយល់ដឹងនូវតម្លៃសម្បត្តិដូនតា ជួយថែរក្សាទាំងអស់គ្នា ទៅបានធ្វើឱ្យសង្គមជាតិមានការរីកចម្រើន និងមានសន្តិភាព៕
អត្ថបទ៖ លោក យី សុថា ; រូបភាព៖ លោក ហាប់ គឹមអាន និង លោក អេង បញ្ញាវុទ្ធី
ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post