header ads

Sponsor

ភ្នំពេញ៖ ស្ថានទូតខ្មែរប្រចាំម៉ាឡេស៊ី ស្នើឱ្យពលរដ្ឋរស់នៅទីនោះ កុំធ្វើដំណើរចល័តទីតាំងទៅណាមកណា បើសិនជាគ្មានករណីចាំបាច់។ ការស្នើរបស់ទូតខ្មែរ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលម៉ាឡេស៊ី ប្រកាសរឹតបន្តឹងវិធានការទប់ស្កាត់វីរុសCOVID-19។
ស្ថានទូតខ្មែរ បានបញ្ជាក់ថា ការអនុវត្តរបស់ពលរដ្ឋខ្មែរ តាមសំណើរបស់ស្ថានទូតនេះ គឺដើម្បីបញ្ចៀសការប្រឈមមុខច្បាប់របស់ម៉ាឡេស៊ី។ ស្ថានទូតខ្មែរបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២១ មីនានេះ យ៉ាងដូច្នេះថា៖«ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ស្ថានឯកអគ្គរាជទូតសូមអំពាវនាវជាថ្មីម្តងទៀត សូមបងប្អូនប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស និស្សិតកម្ពុជាទាំងអស់ ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៉ី សូមអនុវត្តន៍សេចក្តីណែនាំរបស់អាជ្ញាធរម៉ាឡេស៉ី ដោយមិនត្រូវចល័តពីកន្លែងមួយទៅកន្លែងមួយដែលគ្មានករណីចាំបាច់ ដែលអាចប្រឈមនឹងការអនុវត្តច្បាប់ របស់កងកម្លាំងមានសមត្ថកិច្ច ក្នុងអំឡុងពេលដែលបទបញ្ជា ត្រួតពិនិត្យការធ្វើដំណើរកំពុងស្ថិតនៅជាធរមាន»។
រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសពង្រឹងការអនុវត្តបទបញ្ជាត្រួតពិនិត្យ ការធ្វើដំណើរ (Movement Control Order) ដែលបានដាក់ចេញសម្រាប់រយៈពេល ១៤ថ្ងៃ (ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០) ឲ្យមានប្រសិទ្ធិភាពខ្ពស់ ។ រដ្ឋាភិបាលម៉ាឡេស៊ី បានសម្រេចដាក់ពង្រាយកងទ័ព ឲ្យជួយដល់កម្លាំងនគរបាល ចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ក្នុងការត្រួតពិនិត្យរាល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ សំដៅធានាឲ្យបានថា ប្រជាពលរដ្ឋទាំងអស់ ត្រូវស្នាក់នៅតាមគេហដ្ឋាន ឬទីកន្លែងស្នាក់នៅរៀងៗខ្លួន រហូតដល់បញ្ជានេះត្រូវបានបញ្ចប់។
គិតត្រឹមថ្ងៃទី២១ មីនានេះ ម៉ាឡេស៊ីមានអ្នកឆ្លង COVID-19 ជាង១០០០នាក់ ក្នុងនោះអ្នកស្លាប់ចំនួន ៤នាក់ និងអ្នកជាសះស្បើយជាង ១០០នាក់ហើយ៕
លោក ចឺយ​ វិចិត្ត​ ឯកអគ្គរាជទូត​កម្ពុជាប្រចាំម៉ាឡេស៊ី
ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post