header ads

Sponsor

ប្រាសាទកណ្តាលស្រះស្រង់បានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី១២ តំណាងឱ្យភ្នំព្រះសុមេរុ បានចាប់ផ្តើមបើកការដ្ឋានជួសជុលហើយនៅព្រឹកមិញនេះ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរានិងជំនួយឧបត្ថម្ភថវិកាទាំងស្រុងពីវិស័យឯកជន។
នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងសហការី បានចុះត្រួតពិនិត្យការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់ ដែលក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានរៀបចំពិធីប្រុងពលីសែនព្រេន ដើម្បីបិទទំនប់ទឹក ធ្វើកំណាយស្រាវជ្រាវរចនាសម្ពន្ធប្រាសាទមុននឹងដំណើរការជួសជុល។
ឯកឧត្តមអគ្គនាយកបានឱ្យដឹងថា ការជួសជុលប្រាសាទកណ្តាលស្រះស្រង់ គឺអនុវត្តដោយក្រុមការងាររបស់អាជ្ញាធរជាតិអប្សរានិងការរួមចំណែករបស់វិស័យឯកជនដែលឧបត្ថម្ភថវិកាទាំងស្រុងដោយលោកជំទាវឧកញ៉ាមហាឧបាសិកា កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុម ហ៊ុន ហេងអភិវឌ្ឍន៍ បន្ទាប់ពីលោកជំទាវបានជួយសាងសង់រហាត់ទឹកមួយនៅទឹកដីអង្គរផងដែរ។
ឯកឧត្តមបន្តទៀតថា គម្រោងជួសជុលប្រាសាទនេះ គឺដើម្បីអភិរក្សនិងលើកតម្លៃមរតកដូនតា។ ប្រាសាទកណ្តាលស្រះស្រង់ គឺជាកន្លែងដែលបានចារឹកអំពីព្រះរាជសកម្មភាពរបស់ព្រះបាទជ័យវរ្ម័នទី៧ពេលព្រះអង្គយាងមកកាន់ទីនេះ។ ពិសេស កំណាយស្រាវជ្រាវនេះ ដើម្បីស្វែងរកទម្រង់ប្រាសាទឱ្យបានច្បាស់លាស់ថាមានទម្រង់បែបណា ដើម្បីជួសជុលឱ្យបានត្រឹមត្រូវ ព្រោះទម្រង់ប្រាសាទនេះ ក៏មិនទាន់មានសរសេរនៅក្នុងឯកសារបរទេសណាមួយបង្ហាញថាមានលក្ខណៈបែបណានោះដែរ៕




អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូភាព៖ លោក ហាប់ គឹមអាន/ លោក យី សុថា
ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post