ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី បានប្រកាសនៅថ្ងៃចន្ទទី២មីនាថា ខ្លួនកំពុងស៊ើបអង្កេតព័ត៌មាន ដែលថាអតីតមន្រ្តីជាន់ខ្ពស់ចំនួន២នាក់ អាចនឹងប៉ះពាល់ជាមួយអ្នកជំងឺផ្ទុកវីរុសCOVID-១៩ ពេលកំពុងបំពេញមុខងារ។
ក្រសួងសុខាភិបាលបានសំដៅទៅលើព័ត៌មានដែលផ្សាយលើបណ្តាញសង្គម អំពីបុគ្គលល្បីឈ្មោះពីរនាក់ ដែលត្រូវបានគេនិយាយថា អាចឆ្លងវីរុសCovid-19។
អគ្គនាយកសុខាភិបាលនៃក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Noor Hisham Abdullah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«បញ្ហានេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយវិធានការសមស្របនឹងត្រូវអនុវត្ត»។
សេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ពីបុគ្គលដែលមានការព្រួយបារម្ភនោះទេ ប៉ុន្តែអតីតរដ្ឋមន្រ្តីម្នាក់បានប្រាប់ខាងសារព័ត៌មានថា គាត់បានធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះ ខណៈអតីតអនុរដ្ឋមន្ត្រីម្នាក់ទៀតបាននិយាយថា លទ្ធផលធ្វើតេស្តរបស់គាត់នឹងចេញនៅថ្ងៃពុធ។
កាលពីថ្ងៃច័ន្ទទី២៤កុម្ភៈ រដ្ឋមន្រ្តីម៉ាឡេស៊ីទាំងអស់ បានចុះចេញពីតំណែង បន្ទាប់ពីលោកបណ្ឌិត Mahathir Mohamad បានលាលែងពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី៕
ប្រភព៖CNA
ផ្ដល់សិទ្ធិដោយៈ Khmernas