សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្មខ្លាំងៗចំពោះអ្នកផ្សព្វផ្សាយព័ត៌មាន ជាពិសេសអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន ដែលបំភ្លៃព័ត៌មានជុំវិញករណីអ្នកស្លាប់ដោយសារវីរុស COVID 19 ថា កើតឡើងនៅប្រទេសកម្ពុជា។
សម្តេច ហ៊ុន សែន បានច្រានចោលព័ត៌មានខាងលើថា មិនមែនជាការពិតនោះឡើយ។ «ការបំផុសព័ត៌មានដ៏អាក្រក់ពីជនទុច្ចរិត ឥឡូវខ្ញុំហៅថា ជនទុច្ចរិត តែទៅថ្ងៃខាងមុខ ខ្ញុំនឹងចាត់ទុកអ្នកជាពួកភេរវករ។ ជនទុច្ចរិតទាំងឡាយ អ្នកឯងទទួលបានអីមកវិញ ចំពោះការបំផុសព័ត៌មានក្លែងក្លាយ»។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅថ្ងៃទី ២ ខែមីនា នេះ។
ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យពលរដ្ឋធ្វើជាសកម្មជន ប្រឆាំងព័ត៌មានក្លែងក្លាយ។ សម្តេច អំពាវនាវយ៉ាងនេះថា៖« យើងម្នាក់ៗធ្វើជាគោលដៅជំនះព័ត៌មានក្លែងក្លាយ បើទុកឲ្យរដ្ឋមន្រ្តីសុខភិបាល នាយករដ្ឋមន្រ្តី និយាយមិនគ្រប់គ្រាន់ទេ។ ម្នាក់ៗត្រូវធ្វើជាសកម្មជនប្រឆាំងព័ត៌មានក្លែងក្លាយ»។
ផ្ដល់សិទ្ធិដោយ៖ khmernas