ភ្នំពេញ៖ មនុស្ស១៣៥នាក់ ដែលក្រសួងសុខាភិបាល ធ្វើតេស្តរកCOVID-19 ក្រោយសង្ស័យលើពួកគេ។ប៉ុន្តែអ្នកទាំងនោះ សុទ្ធតែអវិជ្ជមានលើវីរុសប្រភេទថ្មីនេះ។ នេះជាការបញ្ជាក់របស់លោកស្រី ឱ វ៉ាន់ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅក្នុងសន្និសីទកាសែតស្តីពី COVID-19 នៅរសៀលថ្ងៃទី២ មីនា។
លោកស្រី ឱ វ៉ាន់ឌីន បានបញ្ជាក់ជាថ្មីថា គិតត្រឹមថ្ងៃទី២ មីនានេះ គ្មានពលរដ្ឋខ្មែរណាម្នាក់ ឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ក្រៅពីជនជាតិចិន វ័យ៦០ឆ្នាំម្នាក់ ដែលមកស្នាក់នៅខេត្តព្រះសីហនុ ហើយត្រូវបានរកឃើញវីរុសនេះ កាលពីខែមករានោះទេ។
អ្នកទាំង១៣៥នាក់ ដែលក្រសួងសុខាភិបាលពិនិត្យសុខភាព ក្រោយសង្ស័យនេះ គឺជាអ្នករួមដំណើរនៅលើយន្តហោះ ជាមួយបុរសជនជាតិចិនខាងលើ និង២០នាក់ទៀត ជាអ្នកភ្ញៀវទេសចរនៅលើនាវា Westerdam ដែលរដ្ឋាភិបាល អនុញ្ញាតឱ្យចូលចតកន្លងមក។ ប៉ុន្តែពួកគេ គ្មានផ្ទុកវីរុសកូរ៉ូណាឡើយ។
ជាមួយគ្នានេះលោកស្រី ឱ វ៉ាន់ឌីន បានស្នើឱ្យពលរដ្ឋកុំជឿលើការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបង្ហោះរូបមនុស្សដួលសន្លប់ នៅលើហ្វេសប៊ុក និងបណ្ដាញសង្គមកន្លងមក ព្រោះជំងឺរលាកសួតនៃវីរុសកូរ៉ូណា មិនធ្វើឱ្យមនុស្សសន្លប់ដូចការផ្សព្វផ្សាយឡើយ។ បើតាមលោកស្រី វ៉ាន់ឌីន មួយរយៈពេលចុងក្រោយនេះ មានជនខិលខូចមួយចំនួន បានយកករណីសន្លប់ដោយសារខ្យល់គរ ស្រវឹងស្រា និងស្លាប់ដោយសារគាំងបេះដូង ឬដាច់សរសៃឈាមជាដើម មកផ្សាភ្ជាប់នឹងករណីវីរុសកូរ៉ូណា ដើម្បីធ្វើឱ្យពលរដ្ឋយល់ច្រឡំ និងភ័យខ្លាច។
ក្រសួងសុខាភិបាល បានអះអាងថា រដ្ឋាភិបាលបានយកចិត្តទុកដាក់តាមដាន និងត្រួតពិនិត្យនៅតាមអាកាសយានដ្ឋាន និងច្រកព្រំដែន តាមរយៈបំពាក់ឧបករណ៍ទំនើប ដើម្បីទប់ស្កាត់ការឆ្លងវីរុសCOVID-19 ក្នុងប្រទេសផងដែរ៕
ផ្ដល់សិទ្ធិដោយ៖ Khmernas