header ads

Sponsor

លោក បុិច បូឡែន គឺជាសហស្ថាបនិក  ជាអគ្គនាយក  និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Westline Education Group Co., Ltd. ដែលជាគ្រប់គ្រងលើសាលាមួយចំនួនដូចជា សាលា Westline,  សាលា Northline,  វិទ្យាស្ថានអភិវឌ្ឍន៍ការអប់រំ, សាលាអន្តរជាតិ Apple Tree, និងសាលាអន្តរជាតិ Forest Hill។ ក្រៅពីសាលារៀនលោកពេជ្រ ប៉ូឡែនក៏មានអាជីវកម្មផ្សេងពីនេះទៀតផងដែរដូចជា សណ្ឋាគារ ហាងកាហ្វេ  កិច្ចការទំនាក់ទំនងសាធារណៈនិងប្រព័ន្ធផ្សព្វផ្សាយ និងពាណិជ្ជកម្មផ្គត់ផ្គង់សំភារៈសិក្សា។ លោក បុិច បូឡែន ក៏ធ្លាប់ធ្វើជាប្រធាននៃ Junior Chamber International ក្នុងឆ្នាំ២០១៦ និងធ្លាប់ធ្វើជាអនុប្រធានសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា និងធ្លាប់ធ្វើជាប្រធាននៃ BNI-CEO។ លោកក៏ជាសហស្ថាបនិកមួយរូបដំបូងគេនៃក្រុមអ្នកវិនិយោគនៅកម្ពុជាដែលមានឈ្មោះថា Cambodia Investor Club ផងដែរ។
លោក បុិច បូឡែន បានលើកឡើងថា៖ ខ្ញុំសូមលើកឡើងបន្តិចពីរចនាសម្ព័ន្ធថ្លៃចំណាយ និងចំណូលក្នុងសាលារៀន។ អ្វីដែលខ្ញុំលើកនេះជាទស្សនៈបុគ្គលតាមបទពិសោធន៍ជាង២០ឆ្នាំដែលខ្ញុំបានគ្រប់គ្រងនិងដឹកនាំការងារអប់រំមកនេះ ហើយវាក៏មិនប្រាកដថាឆ្លុះបញ្ចាំងគ្រប់សាលារៀនទេ។ តែភាគច្រើនគឺបែបនេះ។ ជឿជាក់ថាវាអាចជាប្រយោជន៍ជូនអាណាព្យាបាល សិស្ស និងសាលារៀនទាំងអស់ពិចារណា យល់យោគ អធ្យាស្រ័យគ្នា។
ក្នុងចំណូល១០០% ជាទូទៅសាលារៀននឹងយកមកចំណាយដូចខាងក្រោម៖
១. បៀវត្សបុគ្គលិក និងគ្រូបង្រៀន៖ ៤៥% ទៅ៥០%
២. ថ្លៃអគារ ទឹក ភ្លើង​ និងចំណាយរដ្ឋបាលទូទៅ៖ ២០% ទៅ២៥%
៣. ថ្លៃបណ្តុះបណ្តាលបុគ្គលិក និងការស្រាវជ្រាវ អភិវឌ្ឍនានា៖ ប្រហែល៥%ទៅ១០%
៤. ថ្លៃទីផ្សារ​ និង ទំនាក់ទំនងសាធារណៈ៖ ប្រហែល៥%
៥. ថ្លៃរំលោះ ការប្រាក់ធនាគារ ការបង់ពន្ធនានា៖ ប្រហែល៥% ទៅ១០%
៦. អត្រាចំណេញប្រហែល១០%​ ទៅ២០%
សូមជម្រាបផងដែរថាក្នុងចំណូល១០០%នេះ គឺប្រភពចំណូល៣០%បានមកពីចំណូលមិនមែនថ្លៃសិក្សាដូចជាអាហារដ្ឋាន ថ្លៃរដ្ឋបាល ថ្លៃឯកសណ្ឋាន ថ្លៃឡាន ថ្លៃសម្ភារសិក្សាជាដើម។
ដូចនេះពេលដែលសិស្សឈប់មកសាលារៀន សាលារៀនភាគច្រើននឹងបាត់ប្រភពចំណូលសឹងទាំងអស់។ អាចនិយាយបានថាសាលារៀននឹងថយចំណូលប្រហែល២០% ឬអាចនិយាយបានថាសាលារៀននៅទទូួលបានចំណូលតែ៨០%ប៉ុនណោះពីសិស្សម្នាក់។ ក្នុងអំឡុងពេលកូវីដនេះ អាចនឹងមានអ្នកអាណាព្យាបាលខ្លះផ្អាកការសិក្សាកូនបណ្តោះអាសន្នសិន ជាពិសេសកុមារតូច និងអ្នករៀនភាសាអង់គ្លេស។ ដូចនេះចំនួនសិស្សបង់ប្រាក់នឹងថយចុះដែរ។
ដូចនេះ ប្រសិនបើសាលារៀនបញ្ចុះតម្លៃសរុបគ្រប់សិស្សទាំងអស់ចន្លោះពី២០% ទៅ៣០% នោះសាលារៀននឹងលែងមានប្រាក់ចំណេញ បានយ៉ាងច្រើនរួចថ្លៃដើម ឬអាចនឹងខាតហើយ។ សាលារៀនប្រាកដជាត្រូវសុំបន្ទាបបៀវត្សបុគ្គលិកខ្លះ និងកាត់ចំណាយ១ចំនួនបន្ថែម ឬត្រូវសូមកម្ចីធនាគារ ឬម្ចាស់ភាគហ៊ុនមកបម្រុងបន្ថែមហើយ។
អ្វីដែលខ្ញុំលើកឡើងនេះ គឺឆ្លុះបញ្ចាំងចេញពីប្រភេទសាលារៀនដូចសាលារៀនខ្ញុំ និងសាលារៀនជាច្រើនទៀតដែលខ្ញុំធ្លាប់ប្រឹក្សាយោបល់ និងគ្រប់គ្រងក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។
អាចសាកសួរព័ត៌មានបន្ថែមពីក្រុមហ៊ុនសាវនកម្មណាមួយក៏បានដែលធ្លាប់និងកំពុងធ្វើសាវនកម្មលើក្រុមហ៊ុន Westline Education Group របស់ខ្ញុំបាទ ដូចជាក្រុមហ៊ុន KPMG, Delloite ជាដើម។
សង្ឃឹមថាអ្វីដែលខ្ញុំលើកឡើងនេះអាចជួយជាគំនិតសម្រាប់ជាមូលដ្ឋាននៃការចចារគ្នា យល់យោគគ្នា រវាងអ្នកអាណាព្យាបាល សាលារៀន និងបុគ្គលិកទាំងអស់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post