
ភ្នាក់ងារស៊ើបការណ៍សម្ងាត់និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពិនិត្យមើលលទ្ធភាព ដែលវីរុសកូរ៉ូណាមានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍ប្រទេសចិនជាជាងមានប្រភពចេញផ្សារ។
ទ្រឹស្តីនេះគឺជាផ្នែកមួយនៃការតាមដានជាច្រើនដោយក្រុមអ្នកស៊ើបអង្កេត នៅពេលពួកគេព្យាយាមកំណត់ពីប្រភពដើមនៃមេរោគ ដែលបង្កឱ្យមានជំងឺរាតត្បាតនិងបានសម្លាប់មនុស្សរាប់សែននាក់នៅទូទាំងពិភពលោក។
ទ្រឹស្តីនេះត្រូវបានគាំទ្រដោយអ្នកគាំទ្ររបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ រួមទាំងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួន ដែលមានឆន្ទៈចង់បង្វែរចំពោះការរិះគន់ពីការដោះស្រាយរបស់លោក ត្រាំ ចំពោះជំងឺរាតត្បាតនៅសហរដ្ឋអាមេរិក។
មន្រ្តីស៊ើបការណ៍សម្ងាត់ម្នាក់ ដែលដឹងអំពីការវិភាគរបស់រដ្ឋាភិបាលអាមេរិកបាននិយាយថា ទ្រឹស្តីដែលមន្រ្តីស៊ើបការណ៍សម្ងាត់អាមេរិកកំពុងស៊ើបអង្កេតនោះ គឺថាវីរុសនេះមានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍មួយនៅទីក្រុងវ៉ូហាន(Wuhan)ប្រទេសចិន ហើយត្រូវបានបញ្ចេញជាសាធារណៈដោយមិនមានចេតនា។
ចំណែកប្រភពផ្សេងទៀតបានប្រាប់សារព័ត៌មានCNNថា ការស៊ើបការណ៍សម្ងាត់របស់អាមេរិក មិនអាចបញ្ជាក់លម្អិតអំពីទ្រឹស្តីនោះទេ ប៉ុន្តែកំពុងព្យាយាមស្វែងយល់ថា តើនរណាម្នាក់ត្រូវបានឆ្លងវីរុសនេះនៅក្នុងមន្ទីរពិសោធន៍ ដោយយថាហេតុឬដោយការគ្រប់គ្រងសម្ភារៈមិនបានល្អ ហើយបន្ទាប់មកអាចឆ្លងទៅអ្នកដទៃ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកកំពុងពិនិត្យមើលការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ ដែលមានគោលបំណងសំដៅទៅលើរដ្ឋាភិបាលចិន ខណៈពេលពួកគេអនុវត្តតាមទ្រឹស្តីនេះ។ ប៉ុន្តែមន្រ្តីស៊ើបការណ៍សម្ងាត់ខ្លះនិយាយថា វាអាចទៅរួច មូលហេតុពិតប្រាកដនៃការផ្ទុះឡើងវីរុសនេះ ប្រហែលជាមិនត្រូវបានគេដឹង។
លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ដែលបន្តហៅវីរុសកូវីដ១៩ថាវីរុសវ៉ូហានបាននិយាយកាលពីដើមសប្តាហ៍នេះថា គណបក្សកុម្មុយនីស្តចិនមិនបានផ្តល់សិទ្ធិដល់ជនជាតិអាមេរិកាំងចូលទៅកាន់ទៅកាន់ទីក្រុងវ៉ូហានទេនៅពេលដែលអាមេរិកត្រូវការចូលទៅដល់ទីតាំងនោះឱ្យទាន់ពេលវេលាបំផុត។ លោកបន្តថា បន្ទាប់មកអាមេរិកបានដឹងថា ចិនមានមន្ទីរពិសោធន៍ ហើយមានទីផ្សារសើមដែលលក់អាហារស្រស់។
លោកបញ្ជាក់ទៀតថា អាមេរិកដឹងថាវីរុសនេះវាមានដើមកំណើតនៅទីក្រុងវូហាន។ ដូច្នេះអ្វីៗទាំងអស់នេះ កើតឡើងរួមគ្នា ហើយនៅតែមានច្រើនដែលគេមិនដឹង ហើយនេះគឺជាអ្វីដែលលោកប្រធានាធិបតីកំពុងនិយាយនៅពេលនេះ៕
ប្រភព៖ CNN
ផ្ដល់សិទ្ធិដោយ៖ khmernas