header ads

Sponsor

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់​ចេញ​ដើម្បី​ឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លង​ទៅ បាន​បណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំង​នៅ​ក្នុង​ស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការ​អភិ​វឌ្ឍន៍​ទៅ​ហើយនោះ ។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និង​របៀប​របប​ការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាព​ប្រហា​ក់​ប្រហែល​ចំណុះ​ក្រសួង​មហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២​០​២០នេះ។

កម្លាំងសមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសពាក់​ព័ន្ធ​នឹង​ការ​អនុ​វត្ត​អនុ​ក្រឹត្យថ្មីស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមាន​ការ​បង្កើនកម្រិតទឹកប្រាក់ផាកពិន័យ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះទៅ។

សម្ដេចបញ្ជាក់ថា ព្រោះតែគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេច​កំណត់​យក​ឆ្នាំ​២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដូច្នេះ​វិធាន​ការ​នេះ​មិន​មែន​ជា​ការដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩នោះទេ ប៉ុន្តែ​គឺ​ដើម្បី​សេចក្ដី​សុខ​សុវត្ថិ​ភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

សម្ដេចបន្តថា មានទស្សនៈមួយចំនួនបានលើកឡើងថាវិធានការនេះ គឺជាវិធាន​ការ​ត្រួត​ពិនិត្យ​រដ្ឋ​បាល​ទៅ​វិញ ។ សម្ដេចបានផ្ដល់ការពន្យល់ជូនទៅវិញថាការពិតគឺមិនដូច្នេះទេ ហើយក៏​មិន​មែន​មាន​ន័យ​ថា​ក្រសួង​មហា​ផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ដែលដឹកនាំ និងអ្នកអនុវត្ត​ច្បាប់​ចង់​បាន​ប្រាក់​ពី​ប្រពលរដ្ឋនោះទេ ។ ផ្ទុយទៅវិញនេះគឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិ​ភាព​ជូន​ពល​រដ្ឋ​ទៅ​វិញ​ទេ។

សម្ដេចថា៖«សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវគឺអាចធ្វើដំណើរបានដោយរលូន លើក​លែង​តែ​បាន​ធ្វើ​ដំណើ​រដោយ​បំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើប​សមត្ថកិច្ចឃាត់មិនឱ្យធ្វើដំំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ ។ សូម​កុំមាន​ទស្សនៈ​ថា​នគរ​បាល​ឆ្លៀត​យក​ឱកាសនេះធ្វើបាបប្រជាជន នេះគឺជាភារកិច្ចដើម្បីប្រជាជន ហើយទាល់​តែឃាត់​គ្រប់​អ្នក​ដំណើ​រ​ទោះ​គោរពច្បាប់ និងមិនគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទើបថាជាវិធានការរដ្ឋបាល»។

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post