
(សៀមរាប)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានឃាត់ខ្លួនបុរសម្នាក់ដែលបង្ហោះសារ តាមបណ្ដាញសង្គម Facebook គំរាមសម្លាប់ថ្នាក់ដឹកនាំ និងញុះញង់ឲ្យមានការរើសអើង ព្រមទាំងជេរប្រមាថអង្គព្រះមហាក្សត្រ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្ដិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អាត់ អេង ឬ សេន អាត ភេទប្រិស អាយុ ៣៦ឆ្នាំ មុខរបរជាងភ្លើង និងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃលប់ ខេត្តព្រះសីហនុ។

បើតាមលោកឧត្តមសេនីយ៍ត្រី ហួត សុធី ដដែល ជនសង្ស័យ បានបង្ហោះវីដេអូសកម្មភាព និងរូបភាព លើបណ្ដាញសង្គម គំរាមសម្លាប់ថ្នាក់ដឹកនាំ ញុះញង់ឲ្យមានការរើសអើង ជេរប្រមាថអង្គ ព្រះមហាក្សត្រ និងជេរប្រមាថស្ថាប័នផ្សេង និងប្រជាពលរដ្ឋជាច្រើននាក់ក្នុងប្រទេសកម្ពុជា។ សកម្មភាពទាំងអស់នោះ គឺជនសង្ស័យបានបង្កើត និងបង្ហោះតាមបណ្ដាញសង្គម Facebook និង Tiktok ដោយប្រើប្រាស់មធ្យោបាយទូរស័ព្ទដៃម៉ាក Vivo (Y5) ពណ៌ខៀវ ដែលមានគណនី ឈ្មោះដូចខាងក្រោម៖
ទី១៖ ត្រាំងសិលា អង្គរធំភូមិប្រាសាទ,ឮ
ទី២៖ សិលា សៀមរាប ឬ សិលា ប្រាសាទ
និងទី៣៖ គណនី Tiktok ឈ្មោះ សិលាសៀមរាប។
ក្រោយសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបាន បង្ហោះដោយប្រើប្រាស់គណនីដូចខាងលើពិតប្រាកដមែន ដោយប្រើឈ្មោះ និងរូបថតអតីតប្រពន្ធរបស់ខ្លួន ដើម្បីឲ្យសមត្ថកិច្ចចាប់អតីតប្រពន្ធខ្លួន ដាក់គុកព្រោះដោយហេតុខឹងអតីតប្រពន្ធមិនរស់នៅជាមួយរូបគេ។
បច្ចុប្បន្ន សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តនីតិវិធី៕





