ស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ីអំពាវនាវប្រជាពលរដ្ឋដែលជាកម្មករ និងនិស្សិតដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី ឈប់ព្យាយាមរកមធ្យោបាយដើម្បីវិលត្រឡប់មកកម្ពុជាក្នុងអំឡុងពេលជំងឺកូវីដ១៩រាតត្បាត និងស្នើឲ្យអត់ធ្មត់បន្តស្នាក់នៅម៉ាឡេស៊ីបណ្ដោះអាសន្ន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតខ្មែរចេញផ្សាយនៅថ្ងៃទី៧មេសានេះ។
កាលពីថ្ងៃម្សិលមិញក្រុមពលរដ្ឋខ្មែរទាំង១៥០នាក់ បាននាំគ្នាធ្វើដំណើរមកកាន់ព្រលានយន្តហោះក្នុងប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមហោះវិលត្រឡប់មកកម្ពុជាវិញ។ ប៉ុន្តែនៅពេលដល់ម៉ោងត្រូវធ្វើដំណើរឡើងយន្តហោះ ពួកគេត្រូវបានគេប្រាប់ថា ខាងអាកាសចរណ៍ស៊ីវិលកម្ពុជា មិនអនុញ្ញាតឱ្យពួកគេវិលត្រឡប់ចូលកម្ពុជាវិញឡើយ។
សម្ដេច ហ៊ុន សែន បានបកស្រាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី៧មេសានេះថា ការបដិសេធមិនឱ្យពលរដ្ឋកម្ពុជាទាំងនេះវិលចូលកម្ពុជាវិញ គឺដោយសារព្រួយបារម្ភពលរដ្ឋទាំងនោះនាំជំងឺឆ្លងកូវីដ១៩ចូលកម្ពុជា ខណៈកម្ពុជាទើបរកឃើញករណីឆ្លងជំងឺកូវីដជាច្រើនករណីលើពលរដ្ឋចាមនិងម៉ាឡេស៊ី ដែលបានធ្វើដំណើរពីម៉ាឡេស៊ីចូលមកកម្ពុជាកាលពីពេលថ្មីៗនេះ។
បច្ចប្បន្ន ម៉ាឡេស៊ីមានអត្រាឆ្លងជំងឺកូវីដ១៩ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដែលកើនឡើងរហូតដល់៣,៩៦៣នាក់ និងស្លាប់ចំនួន៦៣នាក់ ខណ:កម្ពុជាឆ្លងចំនួន១១៥នាក់ និងពុំទាន់មានអត្រាមរណ:នៅឡើយ៕

ផ្ដល់សិទ្ធិដោយ៖ khmernas