header ads

Sponsor

រដ្ឋាភិបាលថៃ បានអនុញ្ញាតឲ្យពលរដ្ឋខ្មែរដែលកំពុងជាប់គាំងនៅប្រទេសថៃ អាចបន្តស្នាក់នៅបណ្ដោះអាសន្ននៅក្នុងប្រទេសនេះ ក្នុងស្ថានភាពទប់ស្កាត់ជំងឺ កូវីដ ១៩។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី ២៣ ខែ មេសា។

ការសម្រេចដូច្នេះ ក្រោយពេលរដ្ឋាភិបាលថៃ ចាប់ផ្ដើមរឹតត្បឹតការធ្វើដំណើរទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល់នៃជំងឺ កូវីដ១៩ ក្នុងប្រទេសរបស់ខ្លួន។

សេចក្តីជូនដំណឹងដដែល បញ្ជាក់ថា ចំពោះពលរដ្ឋខ្មែរ ឬកម្មករដែលអស់សុពលភាពស្នាក់នៅប្រទេសថៃ ចាប់ថ្ងៃទី ២៦ ខែមីនា ត្រូវអនុញ្ញាតឲ្យនៅស្វ័យប្រវត្តិរហូតដល់ថ្ងៃទី ៣១ ខែ កក្ដដា ដោយមិនមានការផាកពិន័យលើការស្នាក់នៅលើសកំណត់ ប៉ុន្តែមិនអនុញ្ញាឲ្យធ្វើការងារនោះទេ។ ពលករ និងនិយោជកដែលបញ្ជូនឈ្មោះឲ្យក្រសួង ឬមន្ទីរការងារថៃរួចរាល់ត្រឹមថ្ងៃទី ៣១ ខែ មីនា អាចបន្តស្នាក់នៅរហូតដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា។

សេចក្តីជូនដំណឹងរបស់ស្ថានទូត ក៏បានប្រាប់ដល់ ពលរដ្ឋ និងពលករខ្មែរ ដែលទៅបង្ហាញខ្លួនរយៈពេល ៩០ថ្ងៃ ក្នុងចន្លោះថ្ងៃទី ២៦ ដល់ ៣១ ខែ កក្ដដា មិនតម្រូវឲ្យបង្ហាញខ្លួនទៀតនោះទេ រហូតដល់មានការជូនដំណឹងជាថ្មី។

ជាមួយគ្នានេះ ស្ថានទូតបានអំពាវនាវ សូមឲ្យពលរដ្ឋខ្មែរនៅថៃទាំងអស់ ចូលរួមសហការអនុវត្តវិធានការនានា ដែលចេញពីរដ្ឋាភិបាលថៃ។

កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០ កន្លងទៅ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ពលករកម្ពុជា ដែលបានចាកចេញពីប្រទេសថៃ ក្នុងអំឡុងកូវីដ ១៩ មានជាង ៦ ម៉ឺននាក់ ហើយចំនួននេះកើនឡើងជាបន្តបន្ទាប់។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារចេញផ្សាយកាលពីពេលកន្លងទៅ ពលករខ្មែរដែលកំពុងស្នាក់នៅ និងបម្រើ ការងារនៅប្រទេសថៃ មានប្រមាណ ១លាននាក់។ ស្ថានភាពកូវីដ ១៩ នៅក្នុងប្រទេសថៃ ដោយគិតត្រឹមថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ នេះ មានអ្នកឆ្លងកូវីដ ១៩ ចំនួន ២៨៣៩ នាក់ និងមានអ្នកស្លាប់ចំនួន ៥០ នាក់។ នេះបើយោតាមគេហទំព័រ Worldometer៕

ផ្ដល់សិទ្ធិដោយ​ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post