header ads

Sponsor

លេខាធិការដ្ឋានអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបំភ្លឺតាមហ្វេសប៊ុកនៅថ្ងៃទី២៥មេសាថា បន្ទាប់ពីបានឃើញរូបភាព និង​វីដេ​អូ​រៀបរាប់អំពីការបង្ខំចិត្តត្រូវចាក់ចោលផ្លែស្វាយ ដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជម្ងឺកូវីត-១៩ រួចមក ក្រុម​ការ​ងារ​ក្រសួង​ពាណិជ្ជ​កម្មបានចុះទៅធ្វើការស្រាវជ្រាវដោយចិត្តទុកដាក់ចំពោះករណីនេះ ក្នុងគោលបំណងស្វែងរកការពិត និងចាត់​វិធាន​ការ​ជាក់​លាក់​ដើម្បី​ជួយដល់កសិកររងគ្រោះ។

អ្នកនាំពាក្យបន្តថា បន្ទាប់ពីបានចុះដល់ទីតាំង និងពិនិត្យស្វាយដែលបានចាក់ចោលនេះ ព្រមទាំងសាកសួរដល់ភាគី​ពាក់​ព័ន្ធ ក្រុម​ការ​ងារបានរកឃើញថា ទីតាំងកើតហេតុស្ថិតនៅចំការស្វាយភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ ហើយ​ស្វាយ​ទាំងនោះ ជាស្វាយដែលខូចដោយសារទុំក្នុងកញ្ចប់ មានបរិមាណប្រហែលជាពីរតោន ដែលត្រូវតែចាក់ចោល ដោយ​សារ​អ្នក​ទិញមិនអាចទទួលទិញបាន ព្រោះមានបញ្ហាទាក់ទងនឹងគុណភាព។

ក្រសួងបន្តថា ពលរដ្ឋក៏អាចសំគាល់មើលជាក់ស្តែងក្នុងរូបភាពដែលបង្ហាញរូបស្វាយទុំជោរពណ៌លឿង ដែលពុំអាច​នឹង​ទុក​ឱកាស​អោយដឹកជញ្ជូនទៅលក់ឯណាទៀតបាន សូម្បីតែយកទៅរោងចក្រធ្វើតំណាប់ស្វាយ កុំ​ថា​ឡើយ​នាំ​ចេញ​ទៅ​បរ​ទេស​ដែលត្រូវការរយៈពេលសំរាប់ដឹកជញ្ជូន ដែលទាមទារផ្លែស្វាយដែលមានគុណភាពតាមតម្រូវការទីផ្សារ។

ក្រសួងបញ្ជាក់ទៀតថា ទោះជាស្ថិតក្នុងកាលៈទេសៈនៃជម្ងឺកូវីដ-១៩ក៏ដោយ ក៏កសិ​ផល​កម្ពុជា​នៅ​តែ​មាន​ទីផ្សារ​ទាំង​សម្រាប់​ការ​នាំ​ចេញ និងទីផ្សារក្នុងស្រុក ឱ្យតែទំនិញទាំងនោះមានគុណភាពស្របតាមតម្រូវការទីផ្សារ ពិសេសផ្លែស្វាយ។

ផ្លែស្វាយដែលមានគុណភាពល្អ រោងចក្រផលិតដំណាប់ស្វាយទទួលប្រមូលទិញក្នុងតម្លៃពី ៥០០រៀល ទៅ​៥៥០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម ចំណែកផ្លែស្វាយដែលខ្ចប់ក្នុងកញ្ចប់សំរាប់នាំចេញគឺបានថ្លៃដល់៩០០រៀលក្នុងមួយគីឡូក្រាម។

បច្ចុប្បន្ន នៅខេត្តកំពង់ស្ពឺ ពុំមានសល់ស្វាយក្នុងចំការច្រើនទេ ឈ្មួញកណ្ដាលដឹកស្វាយតាំងពីខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ព្រះវិហារ ដើម្បីយកមកលក់ឱ្យឃ្លាំងធំៗនៅកំពង់ស្ពឺ សំរាប់នាំចេញ និងបំរើតម្រូវការរោងចក្រកែច្នៃក្នុងស្រុក។

ក្រសួងពាណិជ្ជអំពាវនាវឱ្យលុបបំបាត់ព័ត៌មានមិនពិត (Fake News) ដែលមានចរិតបំពុលសង្គម ហើយ​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ការ​រីក​ចំរើននៃសង្គមជាតិយើង៕

Posted by Agri Founder on Tuesday, April 14, 2020

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post