លោក ហេង សួរ មន្រ្តីនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសរសេរបង្ហោះនៅលើហ្វេសប៊ុកនៅយប់ថ្ងៃទី២០មេសានេះថា មានចំនួន១០១៨នាក់ ដោយក្នុងនោះបានយកសំណាកទៅពិសោធន៍ចំនួន២១នាក់ ដែលកំពុងដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ នៃវិទ្យាល័យជម្ពូវន្តទាំង២១នាក់។
ចំណែកអ្នកដាក់ឲ្យស្នាក់នៅមណ្ឌចត្តាឡីស័កកម្រិត១ នៃវិទ្យាល័យជម្ពូវន្ត មានចំនួន៣៨នាក់ និងអ្នកដែលដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃចំនួន៩៥៩នាក់។
លោកបន្តថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេច ហ៊ុន សែន ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានដាក់ដំណើរការមណ្ឌលត្រួតពិនិត្យសុខភាពចំនួន១០មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មកររោងចក្រដែលបានឈប់ពេលចូលឆ្នាំ និងទើបវិលត្រឡប់ចូលធ្វើការវិញ។
លោកបន្ថែមថា គោលបំណងនៃការត្រួតពិនិត្យសុខភាពនេះ គឺដើម្បីការពារសុខភាពបងប្អូនកម្មកររោងចក្រជាង ៩៥% ដែលបានមកធ្វើការងារធម្មតាក្នុងអំឡុងពេលចូលឆ្នាំ ក៏ដូចជាការពារសុខភាពបងប្អូនដែលបានឈប់នោះផងដែរ។
លោក ហេង សួរ លើកឡើងដែរថា ដោយឡែកនៅខេត្តព្រះសីហនុ ក៏បានរៀបចំមណ្ឌលត្រួតពិនិត្យសុខភាពចំនួន២កន្លែង ដោយបានពិនិត្យសុខភាព និងដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន៦០នាក់ផងដែរ៕

ផ្ដល់សិទ្ធិដោយ៖ khmernas