ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា រដ្ឋាភិបាល ចំណាយថវិកាពី២០០០ដុល្លារ ទៅ២៥០០ដុល្លារ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ មួយករណី។
ថ្លែងនៅក្នុងសន្នីសីទកាសែត នៅថ្ងៃទី២០ មេសានេះ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ថវិកានោះ គឺចំណាយលើការធ្វើតេស្ត ការហូបចុក និងថ្នាំសម្រាប់ព្យាបាលផងដែរ។ លោកស្រី សម្បត្តិ ក៏លើកយកករណីជនបរទេស១នាក់ មកនិយាយថា បើជនបរទេសនោះ សម្រាកព្យាបាលជំងឺកូវីដ១៩ រយៈពេល១០ឡើងទៅនោះ គឺត្រូវចំណាយយ៉ាងតិច១០០០ដុល្លារ លើការធ្វើតេស្តរកមេរោគ១០ដង ដោយមិនទាន់គិតតម្លៃការព្យាបាលឡើយ។
បើតាមលោកស្រី យក់ សម្បតិ្ត ក្រសួងសុខាភិបាលបានចំណាយថវិកា៤,៥លានដុល្លារហើយ ក្រោយពីរដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ សម្រាប់យកប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
កម្ពុជា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន១០៧នាក់ ក្នុងចំណោម១២២នាក់ នៅត្រឹមថ្ងៃទី២០ មេសា៕

ផ្ដល់សិទ្ធិដោយ៖ khmernas