header ads

Sponsor

ដំណើររបស់វេជ្ជបណ្ឌិតជំនាញនិងមន្រ្តីចិនទៅកាន់ប្រទេសកូរ៉េខាងជើង បាន​កើត​ឡើង​ចំ​ពេល​មាន​របាយ​ការណ៍​ឡើង​បញ្ច្រាសគ្នា ពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង។

ប្រភពមួយចំនួនបាននិយាយថា គណៈប្រតិភូចិន ដែល​ដឹក​នាំដោយ​សមា​ជិក​ជាន់​ខ្ពស់​ម្នាក់​នៃ​នាយក​ដ្ឋាន​ទំនាក់​ទំនង​អន្តរជាតិរបស់បក្សកុម្មុយនីស្តចិន បានចាកចេញពីទីក្រុងប៉េកាំងទៅកាន់ប្រទេសកូរ៉េខាងជើង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​មេសានេះ។ នាយកដ្ឋាននេះគឺជាស្ថាប័នដ៏សំខាន់របស់ប្រទេសចិន ដែលទាក់ទងជា​មួយ​ប្រទេស​ជិត​ខាងកូរ៉េខាងជើង។

ទោះជាយ៉ាងនាយកដ្ឋានទំនាក់ទំនងរបស់ប្រទេសចិន មិនបានបំភ្លឺទៅដល់អ្នកសារព័ត៌មាន នៅពេល​ត្រូវ​បាន​សួរ​បញ្ជាក់​អំពីមូលហេតុបញ្ជូនក្រុមមន្រ្តីទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីល្ងាចថ្ងៃសុក្រនោះទេ។ ចំណែក​ក្រសួង​ការ​បរ​ទេស​ចិន ក៏មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយកាលពីល្ងាចថ្ងៃសុក្រនោះដែរ។

សារព័ត៌មាន Daily NK ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង បាន​រាយ​ការណ៍​នៅ​ដើម​សប្តាហ៍​នេះថា លោ ​គីម ជុនអ៊ុន បានជាសះស្បើយឡើងវិញ បន្ទាប់ពីបាន​ទទួល​ការ​វះ​កាត់​សរ​សៃ​ឈាម​បេះ​ដូង​កាល​ពី​ថ្ងៃ​ទី១២ខែមេសា។

មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងនិងមន្រ្តីចិនបានជំទាស់នឹងរបាយការណ៍ជាបន្តបន្ទាប់ ដែលលើកឡើងថាលោក គីម ជុន​អ៊ុន កំពុងស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរបន្ទាប់ពីការវះកាត់។ មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ពួក​គេ​មិន​បាន​រក​ឃើញ​សញ្ញា​ណា​មួយ​នៃ​សកម្ម​ភាព​មិន​ធម្មតា​នៅ​ក្នុងប្រទេសកូរ៉េខាងជើងឡើយ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក៏បាននិយាយថា ការ​ចុះ​ផ្សាយ​ថា​មេ​ដឹក​នាំ​ផ្ដាច់​ការកូរ៉េខាងជើងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ គឺជាការរាយការណ៍មិនត្រឹមត្រូវ។

កាលពីថ្ងៃសុក្រ ប្រភពកូរ៉េខាងត្បួងបានប្រាប់សារព័ត៌មាន Reutersថា តាមការស៊ើបការណ៍សម្ងាត់របស់ពួកគេ គឺ​ថា​លោក គីម ជុនអ៊ុន កំពុងនៅរស់ហើយទំនងជានឹងលេចមុខសារជាថ្មីក្នុងពេលឆាប់ៗនេះ។

ប៉ុន្តែមន្ត្រីដែលដឹងអំពីការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបាននិយាយថា លោក គីម ជុនអ៊ុន ត្រូវ​បាន​គេ​ដឹង​ថា​មានបញ្ហាសុខភាព ប៉ុន្តែពួកគេមិនបានផ្ដល់ហេតុផលណាមួយ ដើម្បីសន្និដ្ឋានថា លោក គីម មាន​ជំងឺ​ធ្ងន់​ធ្ងរ ឬទីបំផុតមិនអាចបង្ហាញខ្លួនជាសាធារណៈបាននោះទេ។

ចំណែករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ក៏មិន​អាច​បំភ្លឺ​អំពី​ដំណឹង​ធ្លាក់​ខ្លួន​ឈឺ​របស់​លោក គីម ជុនអ៊ុន នោះដែរ ដោយលោកគ្រាន់តែបញ្ជាក់ថា ប្រជាជនអាមេរិកគួរតែដឹងថា រដ្ឋា​ភិ​បាល​កំពុង​តាម​ដាន​បញ្ហា​នេះ​យ៉ាងយកចិត្តទុកដាក់៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post