header ads

Sponsor

ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាប់ឱ្យកម្មករត្រូវស្គាល់កាលៈទេសៈ និងតម្លៃការងារ ជៀសវាងការបាត់បង់ការងារធ្វើនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ។

ថ្លែងក្នុងសន្និសីទកាសែត ស្តីពីបច្ចុប្បន្នភាពនៃការចត្តាឡីស័កកម្មករ នារសៀលថ្ងៃទី២៧ មេសា នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក ហេង សួរ បានបញ្ជាក់ថា មានកម្មករខ្លះ បានជំទាស់នឹងបម្រាមរបស់រដ្ឋាភិបាល ក្នុងការលេងស្រុកកំណើតនៅថ្ងៃចូលឆ្នាំ ហើយពួកគេក៏មានការអៀនខ្មាស់ខ្លួនឯង ក៏សម្រេចចិត្តមិនមកធ្វើការងារវិញតែម្ដង។ បើតាមលោក ហេង សួរ ការសម្រេចចិត្តបែបនេះ នឹងធ្វើឱ្យពួកគេជួបផលលំបាកថែមទៀត ក្នុងស្ថានភាពវិបត្តិកូវីដ១៩នេះ។

បច្ចុប្បន្ននេះរោងចក្រនៅកម្ពុជា ជាង១៣០កន្លែង បានព្យួរការងារ ដោយសារបញ្ហារាតត្បាតនៃជំងឺកូវីដ១៩។ ការព្យួរការងារនេះ បានធ្វើឱ្យកម្មករជាង៩ម៉ឺននាក់ រងផលប៉ះពាល់។លោក ហេង សួរ បានបញ្ជាក់ថា ដ្បិតរោងចក្រព្យួរការងារមែន ប៉ុន្តែកម្មករទាំងនោះ ក៏នៅតែទទួលបានអត្ថប្រយោជន៍ខ្លះពីថៅកែរោងចក្រ និងរដ្ឋាភិបាលដែរ។

បើតាមលោក ហេង សួរ កម្មករទាំងនោះ អាចទទួលបានថវិកាប្រមាណ៨០ដុល្លារ នៃចំនួនប្រាក់ខែគោល១៩០ដុល្លារ ដោយក្នុងនោះរដ្ឋាភិបាលជួយឧបត្ថម្ភ៤០ដុល្លារ ទម្រាំតែជំងឺកូវីដ១៩ ថមថយវិញ។

រដ្ឋាភិបាល ក៏បន្តសម្របសម្រួលជាមួយអ្នកបញ្ជាទិញ ដើម្បីរក្សាការងារដល់រោងចក្រ និងកម្មករនៅកម្ពុជាផងដែរ។ ភាគីបញ្ជាទិញ ក៏យល់ព្រមបង់ចំណែកខ្លះ នៃការបញ្ជាទិញដល់រោងចក្រនៅកម្ពុជាផងដែរ។ នេះជាការបញ្ជាក់របស់លោក ហេង សួរ៕
ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post