
បន្ទាប់ពីត្រូវរឹតបណ្តឹងការធ្វើដំណើរក្នុងរយៈពេលជាង ៣ខែ ឬ ១០៤ថ្ងៃមក ទីបំផុតទៅក្រុមបាល់ទាត់ Wuhan Zall ដែលជាក្រុមមួយស្ថិតក្នុងលីគកំពូលរបស់ចិន Chinese Super League អាចត្រលប់មកចូលទីក្រុងវូហាន ដែលជាទីក្រុងផ្ទុះឡើងដំបូងនៃជំងឺកូវីដ ១៩ហើយ នៅថ្ងៃទី ១៨ខែមេសា ឆ្នាំ ២០២០នេះ។
ពួកគេអាចវិលត្រលប់មកជួបជុំគ្រួសារវិញ ទាំងអារម្មណ៍រំភើបក្តុកក្តួលជាទីបំផុត បន្ទាប់ពីការជាប់គាំង ក្នុងប្រទេសអេស្បាញ ក្រោយពីទីក្រុងវូហាន ទឹកដីកំណើតរបស់គេ ត្រូវបានបិទខ្ទប់ការពារការឆ្លងជំងឺកូវីដ ១៩ តាំងពីខែមករា ឆ្នាំ ២០២០នេះមក។
ពេលក្រុមកីឡាករ និងគ្រូបង្វឹក ក្រុមបាល់ទាត់ Wuhan Zall ប្រចាំទីក្រុងវូហាន មកដល់ស្ថានីយ៍រថភ្លើងប្រចាំទីក្រុងនោះ ពួកគេត្រូវបានទទួលការស្វាគមន៍ពីអ្នកគាំទ្រជាច្រើនរយនាក់ ដែលទាំងកីឡាករ និងអ្នកគាំទ្រសុទ្ធតែមានពាក់ម៉ាស់។
ក្រុមប្រចាំទីក្រុងវូហាន ដែលមានគ្រូបង្វឹកសញ្ជាតិអេស្បាញលោក Jose Gonzalez នេះ នឹងចំណាយពេលជុំគ្រួសារប៉ុន្មានថ្ងៃ ហើយនឹងវិលត្រលប់ទៅហ្វឹកហាត់ជាធម្មតា ក្នុងទីក្រុងវូហាន នៅថ្ងៃពុធសប្តាហ៍ក្រោយ។

សូមរម្លឹកជូនថា ក្រុមដែលមានមូលដ្ឋាននៅទីក្រុងវូហាន និងជាក្រុមស្ថិតនៅលំដាប់ទី ៦នៃក្របខណ្ឌ Chinese Super Cup នេះ ត្រូវបានជាប់គាំងក្នុងប្រទេសអេស្បាញរយៈពេល ២ខែ ក្រោយពេលពួកគេបានចាកចេញពីទីក្រុងវូហាន កាលពីអំឡុងខែមករា ដើម្បីទៅហ្វឹកហាត់ក្នុងរយៈពេលខ្លីនៅទីនោះ។ ដោយសារតែក្នុងអំឡុងពេលនោះ អាជ្ញាធរទីក្រុងវូហាន ត្រូវបិទទីក្រុងដើម្បីការពារការឆ្លងមេរោគកំណាចនេះ ដូច្នេះទើបពួកគេមិនអាចត្រលប់មកវិញបាន។
ក្រោយមកទៀត ក្នុងអំឡុងពាក់កណ្តាលខែមីនា គឺនៅពេលដែលមានការប្រកាសថាទីក្រុងវូហាន បានធូរស្រាល និងបើកឲ្យដំណើរការវិញ ទើបពួកគេអាចត្រលប់មកវិញបាន។ ប៉ុន្តែដោយសារតែពួកគេធ្វើដំណើរពីក្រៅប្រទេស ពោលគឺចេញពីអេស្បាញ ដោយប្តូរយន្តហោះនៅប្រទេសអាល្លឺម៉ង់ផងនោះ ដូច្នេះគេត្រូវដាក់ឲ្យស្នាក់នៅភាគខាងត្បូងខេត្ត Shenzhen ជាបណ្តោះអាសន្នសិន ដើម្បីតាមដានសុខភាព ក្រោយពេលមកដល់ កាលពីថ្ងៃទី ១៦ខែមីនា។

គេត្រូវបានដាក់ឲ្យស្ថិតនៅដាច់ដោយឡែក រយៈពេល ៣សប្តាហ៍នៅទីនោះ ហើយអាចហ្វឹកហាត់បាន នៅជិតទីក្រុង Foshan មុនពេលគេអាចជិះរថភ្លើងល្បឿនលឿន ពីទីក្រុង Guanzhou មកកាន់ទីក្រុង វូហាន នៅថ្ងៃទី ១៨ខែមេសា ឆ្នាំ ២០២០។
ពេលមកដល់ទីក្រុងមូលដ្ឋានរបស់ខ្លួនហើយ គ្រូបង្វឹកក្រុម Zall បានបញ្ជាក់ថា គេត្រូវតែត្រៀមខ្លួន សម្រាប់ការប្រកួតនៅរដូវកាលនេះដដែល ទោះបីជាលីគបាល់ទាត់កំពូលរបស់ចិន ត្រូវផ្អាកតាំងពីថ្ងៃទី ២២ខែកុម្ភៈ ហើយមិនទាន់ប្រកាសថ្ងៃផ្លូវការ ដើម្បីដំណើរការឡើងវិញក៏ដោយ។ ប៉ុន្តែបើតាមសារព័ត៌មានរដ្ឋចិន រដូវកាលបាល់ទាត់នេះ អាចត្រលប់មកវិញ នៅក្នុងអំឡុងខែមិថុនាខាងមុខ៕
ផ្ដល់សិទ្ធិដោយ៖ Khmernas