ក្មេងជំទង់មកពីកុលសម្ព័ន្ធអាម៉ាហ្សូនដាច់ស្រយាលមួយ ដែលបានធ្វើតេស្តវិជ្ជមានចំពោះCovid-19 បានស្លាប់ និងកំពុងបង្កឱ្យមានការព្រួយបារម្ភអំពីមេរោគនេះទៅលើប្រជាជនជនជាតិដើមក្នុងតំបន់នេះ។
យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីលបានឱ្យដឹងថា ក្មេងប្រុសនេះមានអាយុ១៥ឆ្នាំមកពីភូមិRehebe នៅលើដងទន្លេយូរ៉ារីយូ នៅភាគខាងជើងប្រទេស បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍។
ក្រសួងសុខាភិបាលបាននិយាយថា ក្មេងប្រុសនេះ ត្រូវបានព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Roraima General Hospital រដ្ឋ Roraima ចាប់តាំងពីថ្ងៃទី៣ខែមេសា ប៉ុន្តែមន្ទីរពេទ្យមិនបានបង្ហាញពីមូលហេតុនៃការស្លាប់របស់ក្មេងប្រុសនេះទេ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយថា ករណីរកឃើញជំងឺកូវីដ១៩លើជនជាតិដើមយ៉ាណូម៉ាមី(Yanomami) ហើយរដ្ឋាភិបាលកំពុងព្រួយបារម្ភសុខភាពជនជាតិដើមនេះ។
ជនជាតិដើមយ៉ាណូម៉ាមី រស់នៅក្នុងព្រៃនិងភ្នំនៅភាគខាងជើងប្រទេសប្រេស៊ីល និងភាគខាងត្បូងប្រទេសវេណេស៊ុយអេឡា នេះបើយោងតាមអង្គការ Survival International ដែលជាអង្គការមួយដែលព្យាយាមការពារសិទ្ធិជនជាតិដើម។
វិទ្យាស្ថានសង្គមនិងបរិស្ថាន(ISA) បាននិយាយថាវីរុសបានរាលដាលក្នុងចំណោមជនជាតិដើមយ៉ាន់ម៉ាម៉ា គឺតាមរយៈអ្នករុករករ៉ែដែលបានចូលទឹកដីជនជាតិដើមភាគតិចដោយខុសច្បាប់៕
ប្រភព៖CNN
ផ្ដល់សិទ្ធិដោយ៖ khmernas