បឹងទន្លេសាបគឺជាបឹងទឹកសាបដ៏ធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ បឹងនេះមានទីតាំងនៅចំកណ្ដាលនៃប្រទេសកម្ពុជា និងបានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនរាប់លាននាក់។ លើសពីនេះទៅទៀត បឹងទន្លេសាបក៏ជាដែនដីការពារ និងអភិរក្សដោយសារតែ បឹងនេះជាជម្រកត្រី សត្វព្រៃ និងសត្វស្លាបដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា។
ភូមិព្រែកទាល់ គឺជាភូមិបណ្ដែតទឹកមួយដែលពុំសូវមានអ្នកទេសចរជាតិនិងអន្តរជាតិបានទៅទស្សនា។ ព្រែកទាល់មានទីតាំងស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ដើម្បីទៅដល់តំបន់នេះអ្នកទេសចរទាំងអស់ ត្រូវធ្វើដំណើរដោយទូកម៉ាស៊ីន ដែលចំនាយពេលប្រហែលជា 2 ម៉ោងពីខេត្តសៀមរាប។ ចាប់ពីកំពង់ផែ រហូតដល់ភូមិបណ្ដែតទឹក ភ្ញៀវទេសចរទាំងអស់នឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយ និងខ្យល់បរិសុទ្ធ ដែលបានបកមកពីបឹងទន្លេសាប គួបផ្សំជាមួយសម្រស់ព្រៃលិចទឹកដែលបានដុះនៅអមសងខាងផ្លូវទឹក។ មួយវិញទៀត យើងក៏បានយល់ដឹង និងឃើញនូវទិដ្ឋភាពនៃការរស់នៅលើផ្ទៃទឹករបស់ប្រជាជនក្នុងតំបន់នោះផងដែរ។
ពេលដែលយើងបានទៅដល់ភូមិព្រែកទាល់ យើងត្រូវផ្លាស់ប្តូរទៅជិះទូកតូច ដើម្បីបន្តដំណើរទៅទស្សនាជម្រកសត្វស្លាបទឹកកម្រដ៏ធំ និងមានតែមួយគត់នៅក្នុង ប្រទេសកម្ពុជា។
*** ហាមប្រើប្រាស់រូបភាពនេះដោយគ្មានការអនុញ្ញាត្តិ
_________________________