ភ្នំពេញ៖ ធនាគារជាតិស្នើបន្ថែមទៀត ទៅគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ឱ្យបន្ធូបន្ថយថ្លៃសេវា និងលើកលែងការផាកពិន័យអតិថិជន នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩នេះ។ នេះបើតាមលិខិតរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២០ ខែមេសា។
ធនាគារ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការដាក់ចេញវិធានការជួយពលរដ្ឋកន្លងមកដែរ ប៉ុន្តែក្នុងកាលៈទេសៈបច្ចុប្បន្ននេះ វាតម្រូវឱ្យគ្រឹះស្ថានទាំងអស់ជួយបន្តដោះស្រាយបន្ថែមទៀត។
«ធនាគារជាតិនៃកម្ពុជាសុំការយោគយល់ពីគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ការអនុគ្រោះបន្ថែមដល់អតិថិជន ដើម្បីជួយសម្រាលបន្ទុករបស់ពួកគាត់មួយកម្រិតទៀតក្នុងគ្រាលំបាកនេះ ដូចនេះ ការបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជនរបស់ខ្លួន ចាប់ពីកាលបរិច្ឆេទនៃលិខិតនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០»។ នេះជាការបញ្ជាក់របស់ធនាគារជាតិ។
ធនាគារជាតិ ក៏រំពឹងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ លើសំណើរនេះផងដែរ។
កន្លងមកធនាគារជាតិ ក៏បានស្នើឱ្យគ្រឹះស្ថានទាំងអស់ រៀបចំឥណទានឡើងវិញ ដើម្បីសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលកូវីដ១៩នេះដែរ។ ក្រោយការស្នើសុំរបស់ធនាគារជាតិនេះ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ ក៏ប្រាប់ឱ្យពលរដ្ឋរាយការណ៍ព័ត៌មានពិតពីបញ្ហាលំបាកខ្លួន ទៅគ្រឹះស្ថានដើម្បីទទួលបានការអនុគ្រោះណាមួយ តាមរយៈការចរចាគ្នា៕
ផ្ដល់សិទ្ធិដោយ៖ khmernas