header ads

Sponsor

អាស៊ានបានចេញសេចក្តីថ្លែងការណ៍រួម ដោយប្ដេជ្ញាចិត្តទប់ស្កាត់បញ្ហាជំងឺកូវីដ-១៩ និងការរក្សាម៉ាក្រូសេដ្ឋកិច្ច ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រជាជន។ សេចក្តីថ្លែងការណ៍រួម៨ចំណុចនេះ ចេញក្រោយមេដឹកនាំអាស៊ាន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក បើកកិច្ចប្រជុំកំពូលអាស៊ានពិសេស តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី១៤មេសា។

សេចក្តីថ្លែងការណ៍រួមនេះ គឺបានផ្ដោតសំខាន់ទៅលើការចែករំលែកនៃការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក និងយុទ្ធសាស្ត្រក្នុងប្រទេសជាសមាជិកអាស៊ានទាំងអស់អំពីការទប់ទល់ស្ថានភាពនៃការទប់ស្កាត់ជំងឺកូវី១៩។ ក្នុងនោះអាស៊ានប្ដេជ្ញាបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការលើសុខភាពសាធារណៈ ជាពិសេសចំណាត់ការផ្សេងៗដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជាពិសេសការពារប្រជាពលរដ្ឋអាស៊ាន។

អាស៊ានបានប្ដេជ្ញាចិត្តឡើងវិញ ចំពោះចំណាត់ការរួមគ្នា និងការសម្របសម្រួលគោលនយោបាយនៅក្នុងអាស៊ាន ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ច សង្គមកិច្ច ដោយសារជំងឺរាតត្បាតនេះ ជាពិសេសដើម្បីថែរក្សាប្រជាពលរដ្ឋអាស៊ាន និងរក្សាម៉ាក្រូសេដ្ឋកិច្ចរបស់អាស៊ាន។

«អាស៊ានបន្តការប្ដេជ្ញាចិត្តធ្វើយ៉ាងណារក្សាទីផ្សារអាស៊ានឱ្យនៅបើកចំហសម្រាប់ពាណិជ្ជកម្ម វិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតនៅក្នុងប្រទេសអាស៊ានជាមួយប្រទេសខាងក្រៅអាស៊ានផងដែរ ក្នុងគោលដៅដើម្បីធានាសន្តិសុខស្បៀង ស្ថេរភាពការផ្គត់ផ្គង់ស្បៀង ថ្នាំពេទ្យនិងសម្ភារៈវេជ្ជសាស្រ្តផ្សេងៗទៀត»។ នេះបើតាមសេចក្តីថ្លែងការណ៍រួម។

ជាមួយគ្នានេះ អាស៊ាន ក៏សម្រេចបន្តអនុវត្តយន្តការសមស្របដើម្បីរក្សាជំនឿ និងស្ថេរភាពនៃសេដ្ឋកិច្ចតំបន់តាមរយៈគោលនយោបាយរបស់ប្រទេសសមាជិកនីមួយៗ ដែលជួយដល់ប្រជាពលរដ្ឋ ក៏ដូចជាពាណិជ្ជករ រួមទាំងអ្នកដែលមានផលប៉ះពាល់ដោយជំងឺឆ្លងកូវីដ១៩នេះ ជាពិសេសគឺសហគ្រាសខ្នាតតូច និងមធ្យម។ អាស៊ានក៏បានសម្រេចបង្កើតមូលនិធិអាស៊ាន សម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ១៩នេះ។

មេដឹកនាំអាស៊ានបានប្ដេជ្ញាចិត្ត រួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយធ្វើការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោកដែលជាដៃគូរបស់អាស៊ាន រួមទាំងសហគមន៍អន្តរជាតិក្នុងការបន្តទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺនេះ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post