ភ្នំពេញ៖ នៅឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល មិនមានឡើយ។ នេះជាការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា តាមសំណើរបស់គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលស្នើសុំផ្អាកការប្រារព្វរៀបចំពិធីជាតិនេះ។
មូលហេតុដែលរដ្ឋាភិបាល តាមរយៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ សម្រេចផ្អាករៀបចំពិធីច្រត់ព្រះនង្គ័ល ដែលគ្រោងប្រារព្វនៅទី១០ ឧសភា ក្នុងខេត្តកំពង់ធំ គឺដើម្បីទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជំងឺCOVID-19។
ក្រៅពីពិធីបុណ្យជាតិនេះ រដ្ឋាភិបាល ក៏បានសម្រេចផ្អាកពិធីបុណ្យចូលឆ្នាំ ពិធីសង្គ្រាន ការប្រគុំតន្ត្រីនៅតាមសាធារណៈ ក្លឹបកម្សាន្ត ខារ៉ាអូខេ បៀហ្គាឌិន កន្លែងម៉ាស្សា ក្លិបហាត់ប្រាណជាដើម។ រដ្ឋាភិបាល ក៏អាចពិធីបុណ្យជាតិផ្សេងទៀតផងដែរ បើសិនជាជំងឺCOVID-19នេះ នៅបន្តអូសបន្លាយរយៈពេលយូរ។
បន្ថែមពីនេះ រដ្ឋាភិបាល ក៏បានចេញបញ្ជាបិទការចេញ-ចូលឆ្លងខេត្តពីមួយទៅខេត្តមួយទៀតផងដែរ។ លើកលែងតែតំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាលប៉ុណ្ណោះ ដែលអាចឆ្លងចេញ-ចូលទៅវិញទៅមកបាន៕
ផ្ដល់សិទ្ធិដោយ៖ khmernas