ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់បន្ថយថវិកាជាតិ ៤៧៥ដុល្លារថែមទៀត ដើម្បីដោះស្រាយ និងទប់ស្កាត់បញ្ហាជំងឺCOVID-19។ សរុបមកដល់ពេលនេះ រដ្ឋាភិបាល បានកាត់បន្ថយការចំណាយទៅក្រសួងរដ្ឋ ជាង៩០០លានដុល្លារហើយ។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចរបស់រដ្ឋាភិបាលនេះ គឺធ្វើឡើងទាំងបង្ខំចិត្តប៉ុណ្ណោះ។ ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៧ មេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយដូច្នេះថា៖«ម្សិលមិញនេះខ្ញុំចេញបទបញ្ជាតាមរយៈសំណើរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន កាត់បន្ថយការចំណាយ ៤៧៥លានដុល្លារទៀត។ បូកសរុបកាត់បន្ថយការចំណាយទាំងពីរលើកនេះ ៩១៨លានដុល្លារអាមេរិក»។
កាលពីខែកុម្ភៈកន្លងមកសម្តេច បានប្រកាសកាត់បន្ថយការចំណាយជាតិប្រមាណ ៤៤៣លានដុល្លារអាមេរិក ពីតាមក្រសួងម្តងមកហើយ ដោយក្រសួងទាំងអស់កាត់បន្ថយការចំណាយ៥០ភាគរយ លើកលែងតែស្ថាប័នបីប៉ុណ្ណោះ គឺក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និង ទីស្តីការគណៈរដ្ឋមន្ត្រី ដែលត្រូវកាត់បន្ថយចំណាយត្រឹម២៥ភាគរយ។ សូមបញ្ជាក់ថា រដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៨,២២៣លានដុល្លារនៅឆ្នាំ២០២០នេះ ដោយក្នុងនោះចំណាយចរន្តថវិការដ្ឋប្រមាណ ៤,៨៨៨លានដុល្លារ និងចំណាយមូលធនថវិការដ្ឋ ប្រមាណ៣,៣៣៥លានដុល្លារ៕
