Sponsor

មន្ត្រី​អង្គ​ការ​សុខ​ភាព​ពិភព​លោក​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៌​ថា ការ​រីក​រាល​ដាល​នៃ​វីរុស​កូវីដ​១៩ គឺ​នឹង​មិន​ឈប់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ឡើយ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក ហើយ​វិធាន​ការ​នា​ពេល​បច្ចុ​ប្បន្ន​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​វីរុស​នេះ គឺ​នៅ​ត្រូវ​ការ​ពេល​វេលា​សម្រាប់​ប្រទេស​នា​នា ដើម្បី​ត្រៀម​សម្រាប់​ការ​ឆ្លង​រាល​ដាល​នៅ​តាម​សហ​គមន៍​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​។

លោក Takeshi Kasai នាយក​ប្រ​ចាំ​តំបន់​ប៉ា​ស៊ី​ហ្វិក​ខាង​លិច​នៃ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​(​WHO​) បាន​និយាយ​ថា បើ​ទោះ​ជា​មាន​វិធាន​ការណ៍​ទាំង​អស់​ក៏​ដោយ ក៏​ហា​និ​ភ័យ​នៃ​ការ​ឆ្លង​រាល​ដាល​នៅ​ក្នុង​តំបន់ នឹង​មិន​ទៅ​ណា​ឡើយ ដរាប​ណា​ជំងឺ​រាត​ត្បាត​នេះ​នៅ​តែ​បន្ត​។

មេ​រោគ​ឆ្លង​ថ្មី​នេះ​បាន​លេច​ឡើង​ដំបូង​នៅ​ភាគ​កណ្តាល​ប្រទេស​ចិន​នៅ​ចុង​ឆ្នាំ​២០១៩ ហើយ​បច្ចុ​ប្បន្ន អ្នក​ឆ្លង​បាន​កើន​ឡើង​ដល់​៧៧០.០០០​នាក់​នៅ​ទូ​ទាំង​ពិភព​លោក ដោយ​សហ​រដ្ឋ​អា​មេ​រិក អ៊ី​តា​លី និង​អេ​ស្ប៉ាញ​បាន​វ៉ា​ដាច់​ចិន​ដី​គោក ដែល​មាន​អ្នក​ឆ្លង​ច្រើន​ជាង​គេ​។

លោកKasai បាន​លើក​ឡើង​ថា​៖​«​សូម​ឱ្យ​ខ្ញុំ​និយាយ​ឱ្យ​ច្បាស់​ថា ការ​រាត​ត្បាត​គឺ​នៅ​មាន​រយៈ​ពេល​វែង​ទៀត​នៅ​តំបន់​អាស៊ី​និង​ប៉ា​ស៊ី​ហ្វិក​។ វា​នឹង​ក្លាយ​ជា​សមរ​ភូមិ​យូរ​អង្វែង ហើយ​យើង​មិន​អាច​ធ្វើ​ឱ្យ​អ្នក​ដែល​កំពុង​ការ​ពារ​យើង​ចុះ​ខ្សោយ​បាន​ឡើយ​»​។

លោក​បន្ត​ថា​៖​«​យើង​ត្រូវ​ការ​ឱ្យ​គ្រប់​ប្រទេស​ទាំង​អស់ ដើម្បី​ត្រៀម​សម្រាប់​ការ​ឆ្លង​នៅ​សហ​គមន៍​ទ្រង់​ទ្រាយ​ធំ​»​។

លោក​បាន​លើក​ឡើង​ទៀត​ថា ប្រទេស​ដែល​មាន​ធន​ធាន​មាន​ដែល​កំណត់ គឺ​ជា​រឿង​អាទិ​ភាព​មួយ ដូច​ជា​ក្រុម​ប្រទេស​នៅ​កោះ​ប៉ា​ស៊ី​ហ្វិក គឺ​ត្រូវ​ការ​ដឹក​ជញ្ជូន​សំណាក​ទៅ​ប្រទេស​ដទៃ​ទៀត ដើម្បី​ធ្វើ​រោគ​វិនិ​ច្ឆ័យ ហើយ​ស្រប​ពេល​មាន​ការ​រឹត​ត្បិត​ការ​ដឹក​ជញ្ជូន គឺ​កំពុង​ធ្វើ​ឱ្យ​មាន​ការ​ពិបាក​។

លោក Kasai បាន​ព្រមាន​ថា សម្រាប់​បណ្តា​ប្រទេស​ដែល​កំពុង​មើល​ឃើញ​ពី​ការ​ថយ​ចុះ​នៃ​ករណី​ឆ្លង គឺ​ពួក​គេ​មិន​គួរ​ធ្វើ​ឱ្យ​អ្នក​ការ​ពារ​ដែល​ជា​បុគ្គ​លិក​ពេទ្យ​ដក​ថយ​ឡើយ បើ​មិន​ដូច្នេះ​ទេ​វីរុស​នេះ​អាច​នឹង​វិល​មក​រក​ភាព​ដើម​វិញ​។

ទី​ប្រឹក្សា​បច្ចេក​ទេស​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​លោក Matthew Griffith បាន​លើក​ឡើង​ដែរ​ថា អង្គ​ការ​សុខ​ភាព​ពិភព​លោក​មិន​រំពឹង​ថា​ប្រទេស​ណា​មួយ​នឹង​មាន​សុវត្ថិ​ភាព​នោះ​ទេ ព្រោះ​ថា​មេ​រោគ​នេះ​នឹង​កើត​មាន​នៅ​គ្រប់​ទី​កន្លែង​។

លោក​បន្ត​ថា បច្ចុ​ប្បន្ន​គេ​កំពុង​ផ្តោត​អារម្មណ៍​លើ​ការ​រាត​ត្បាត​នៅ​អឺរ៉ុប ប៉ុន្តែ​វា​ទំនង​ជា​នឹង​ផ្លាស់​ប្តូរ​ទៅ​តំបន់​ផ្សេង​ទៀត​៕

ប្រភព៖ Reuters

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor