header ads

Sponsor

ថ្វីត្បិតស្ថានភាពរីករាលដាលហាក់ធូរស្បើយ ប៉ុន្តែសាលាក្រុងភ្នំពេញ បានបន្តចេញសេចក្ដីណែនាំដល់ខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធនានាអំពីវិធានការការពារ និងបង្ការការចម្លងជំងឺកូវីដ១៩ ជាលើកទី២ ខណៈពេលបច្ចុប្បន្នមានអ្នកកំពុងសម្រាកព្យាបាលចំនួន ២នាក់ និងឆ្លងទូទាំង ១២៤នាក់។

សាលាក្រុងចេញសេក្ដីណែនាំវិធានការការពាររលកទី២ នៃជំងឺកូវីដ១៩ មាន៧ចំណុច៖

១.ត្រូវបន្តចាត់តាំងកម្លាំង ដើម្បីផ្សព្វផ្សាយ និងអប់រំ​ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌ សង្កាត់ ជាពិសេសកម្មករ កម្មការនីរោចក្រឲ្យអនុវត្តតាមវិធានការបង្ការ ដោយត្រូវអនុវត្តការលាងដៃជាប្រចាំ ពាក់ម៉ាស ឬប្រើប្រាស់ក្រម៉ា និងត្រូវខ្ទប់មាត់នៅក្អក ឬកណ្ដាស់ ព្រមទាំងអនុវត្តគម្លាតសុវត្ថិភាពសង្គម និងរក្សាគម្លាប់សុវត្ថិភាពបុគ្គលជាចាំបាច់។

២.ត្រូវបន្តហាមឃាត់ការជួបជុំ ឬការប្រមូលផ្ដុំដូចជាកម្មវិធីជប់លៀង ឬការជួបជុំបែបសាសនានៅតាមមូលដ្ឋានរហូតដល់ខែកញ្ញា ឆ្នាំ ២០២០។

៣.ត្រូវចុះត្រួតពិនិត្យ និងតាមដាននៅតាមភោជនីយដ្ឋាន អាហាដ្ឋាន និងកន្លែងលក់ដូរនានាឲ្យអនុវត្តវិធានការបង្ការ។ ក្នុងនោះម្ចាស់អាជីវកម្មទាំងអស់ត្រូវរៀបចំជែល ឬអាល់កុលលាងដៃ និងចាត់តាំងបុគ្គលិកឲ្យធ្វើការវាស់កម្ដៅភ្ញៀវមុននឹងអនុញ្ញាតឲ្យចូលហាង ឬភោជនីយដ្ឋាន។ ក្នុងករណីម្ចាស់អាជីវកម្ម មិនអនុវត្តតាមការណែនាំ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទអាជីវកម្មបណ្ដោះអាសន្ន។

៤.ត្រូវបន្តត្រួតពិនិត្យ និងតាមដានការអនុវត្តវិធានការផ្អាកជាបណ្ដោះអាសន្ន នូវទីតាំងអាជីវកម្មមួយចំនួនដូចជា ក្លឹបហាត់ប្រាណ រោងភាពយន្ត KTV ក្លឹបកម្សាន្ត (រង្គសាល ខារ៉ាអូខេ ឌីស្កូតតែក បៀរហ្កាឌិន) អាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា។

៥.ចុះស្រង់ស្ថិតិពលរដ្ឋដែលទើបធ្វើដំណើរមកពីក្រៅប្រទេស និងណែនាំឲ្យធ្វើចត្តាឡឺស័ក និងតាមដានសុខភាពផ្ទាល់ខ្លួនជាចាំបាច់ក្នុងរយៈពេល១៤ ថ្ងៃ ហើយក្នុងករណីសង្ស័យ ឬមានអាក្ការៈមិនស្រួលដូចជា ក្ដៅខ្លួន ក្អក ឈឺបំពងក ឬពិបាកដកដង្ហើមត្រូវទៅពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ១១៥ជាបន្ទាន់។

៦.ចុះពិនិត្យស្ថានភាពកន្លែងស្នាក់នៅរបស់ប្រជាពលរដ្ឋធ្វើចត្តាឡឺស័កតាមផ្ទះ ដែលបញ្ជូនមកពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងពិនិត្យស្ថានភាពពលរដ្ឋដែលស្ម័គ្រចិត្តធ្វើចត្តាឡឺស័កនៅតាមមណ្ឌលចត្តាឡឺស័កទាំងអស់ដែលរៀបចំចាំដោយរដ្ឋបាលរាជធានីភ្នំពេញ និងត្រូវរៀបចំតាមដានការងារបន្ត ដោយផ្អែកលើលទ្ធផលនៃការតាមដានសុខភាព។

៧.ត្រូវអនុវត្តឲ្យបានមឺងម៉ាត់នូវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ ១៩ផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានាដែលកំពុងនៅជាធរមាន៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post