header ads

Sponsor

ភ្នំពេញ៖ ឆ្នាំ២០២០នេះ កម្ពុជា មានតម្រូវការបន្លែ ត្រី សាច់ ជាង២លានតោន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។ ក្នុងនោះកម្ពុជា នាំចូលបន្លែ ត្រី សាច់ រាប់ម៉ឺនតោនទៀត ដែលត្រូវចំណាយជិត១ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។

របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កម្ពុជាមានតម្រូវការបន្លែក្នុងស្រុកប្រចាំឆ្នាំ២០២០ សរុបមានចំនួន ១ ០៤៥ ៧២៥តោន។ ក្នុងនោះលទ្ធភាពផ្គត់ផ្គង់បន្លែក្នុងស្រុកប្រចាំឆ្នាំ២០២០ មានប្រមាណ ៧១៦ ១១៣តោន ស្មើនឹង៦៨ភាគរយ (រដូវវស្សា ៥៩ភាគរយ រដូវប្រាំង ៦៩ភាគរយ និងរដូវរំហើយ ៧៥ភាគរយ)។ ទោះមានលទ្ធភាពផ្គត់ផ្គង់ក្តី ក៏កម្ពុជា មានការខ្វះខាតបន្លែដែរ។ ដូច្នេះដើម្បីបំពេញតម្រូវការដែលខ្វះខាតនេះ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួន ៣២៩ ៦១២តោន ឬស្មើនឹង៣២ភាគរយ។

ដោយឡែកតម្រូវការសាច់សរុបប្រចាំឆ្នាំវិញ មានចំនួនប្រមាណ២៩០ពាន់តោន ក្នុងនោះ សាច់គោ-ក្របី៨២ពាន់តោន សាច់ជ្រូក១៥៣ពាន់តោន សាច់បក្សី៥៤ពាន់តោន និងសាច់ផ្សេងទៀត១៦៥តោន។ ចំពោះផលិតកម្មសត្វក្នុងស្រុកប្រចាំឆ្នាំមានលទ្ធភាពអាចផ្គត់ផ្គង់សាច់ បានចំនួន២៣៩ពាន់តោន ឬស្មើនឹង៨២ភាគរយ ក្នុងនោះសាច់គោ-ក្របី៨៩ពាន់តោន (៨១២ពាន់ក្បាល) សាច់ជ្រូក១០៣ពាន់តោន (២,០៥លានក្បាល) និងសាច់បក្សី៤៧ពាន់តោន (៣៩,១២លានក្បាល)។ ដើម្បីបំពេញតម្រូវការដែលខ្វះខាតនេះ កម្ពុជាចាំបាច់ត្រូវនាំចូលសាច់ ផលិតផលសត្វ និងសត្វរស់មួយចំនួន ដូចជា ជ្រូកសាច់រស់ចំនួន៥៧៤ពាន់ក្បាល ពពែរស់ចំនួន៥ ៨៣៩ក្បាល និងមាន់រស់ចំនួន៦,៩១លានក្បាល និងសាច់ចម្រុះចំនួន២ ៩២៩តោន។

ចំណែកតម្រូវការត្រីសរុបប្រចាំឆ្នាំមានចំនួនប្រមាណ៨៦៣ ៨៩៥តោន។ កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់ត្រីប្រចាំឆ្នាំ (ពីផលនេសាទ និងវារីវប្បកម្ម) សរុបមានប្រមាណ៩០៨ ៥០៨តោន ។ក្នុងនោះ ផលនេសាទទឹកសាបចំនួន៤៧៨ ៨៥០តោន ផលនេសាទសមុទ្រចំនួន១២២ ២៥០តោន និងផលវារីវប្បកម្មចំនួន៣០៧ ៤០៨តោន។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម។

ចំពោះការនាំចូលបន្លែ ត្រី សាច់នេះ កម្ពុជាត្រូវចំណាយជិត១ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយក្នុងនោះគ្រាន់តែការនាំចូលជ្រូក កម្ពុជាចំណាយ៤០០លានដុល្លារ។ នេះបើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។

បើតាមសមាគមអ្នកចិញ្ចឹមជ្រូកដដែល កម្ពុជាកាត់បន្ថយការនាំចូលពីជាង១ម៉ឺនក្បាល មកត្រឹមជាង៥ពាន់ក្បាល ក្រោយពីក្រសួងកសិកម្មចេញវិធានការរឹតបន្តឹងការនាំចូល។

លោក តាន់ សុផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ ថ្លែងក្នុងសន្និសីទកាសែតស្តីពីការរឹតបន្តឹងការនាំចូលសត្វជ្រូករស់ចូលមកកម្ពុជាកន្លងមកថា កម្ពុជាអាចនឹងលែងនាំចូលទាំងស្រុង ក្នុងរយៈពេល២ ឬ៣ឆ្នាំខាងមុខ ប្រសិនបើគ្មានជួបបញ្ហាជំងឺរាតត្បាត ប៉ះពាល់ដល់ការចិញ្ចឹមសត្វទេនោះ។

កន្លងមកក្រសួងកសិកម្មបានសម្រេចបិទការនាំចូលសត្វទៅខេត្តព្រះសីហនុ ដើម្បីឲ្យសហគមន៍ចិញ្ចឹមសត្វ ក៏ដូចជាកន្លែងចិញ្ចឹមសត្វធំៗ អាចផ្គត់ផ្គង់នៅទីនោះបានផងដែរ។ នៅខេត្តព្រះសីហនុ មានតម្រូវការនាំចូលជ្រូក១៤០ក្បាលក្នុង១ថ្ងៃ។នេះបើតាមលោក តាន់ សុផាន់ណារ៉ា៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post