header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា ទុករយៈពេល ៣ ខែ ដើម្បីឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នាំយក ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកឲ្យធនាគារជាតិនៃកម្ពុជា។ វិធានការនេះ ត្រូវបានធនាគារជាតិអះអាងថា មិនមែនជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះនៅលើទីផ្សារនោះឡើយ។

បញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ និងផលវិបាករបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ បានក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា នៅទី២៨ ខែឧសភា ឆ្នាំ២០២០។

តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា អង្គប្រជុំនោះ បានពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាមានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះមានកម្រិតទាបក្នុងទីផ្សារ អង្គប្រជុំបានឯកភាពដាក់ចេញនូវវិធានការមួយចំនួនដើម្បីដោះស្រាយបញ្ហានេះ។

នៅចំពោះមុខបញ្ហានេះ ធនាគារជាតិនៃកម្ពុជា បានសម្រេចផ្តល់ពេលវេលាចំនួន ៣ ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយក ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា។ បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូនចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិនមានកម្រៃសេវាទេ។

សេចក្តីប្រកាសព័ត៌មានដដែលនោះ បានបន្ថែមថា ធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ចំណុចគួរឲ្យកត់សម្គាល់ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការអនុវត្តវិធានការខាងលើមិនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះនៅលើទីផ្សារនោះទេ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post