header ads

Sponsor

ក្រសួងបរិស្ថាន ច្រានចោល និងបិទបញ្ចប់ការស៊ើបអង្កេតលើព័ត៌មានមួយចំនួន ដែលចោទថា អ្នកជិះរថយន្តមន្រ្តីយោធាពាក់ស្លាកលេខ ខ.ម.២ ៩៤០៤ ចូលបាញ់សត្វព្រៃក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។ ក្រោយមានការចូលបំភ្លឺរួមគ្នារវាងព្រះតេជគុណ ព្រហ្ម ប៊ុនរិទ្ធ ជាអ្នកផ្សព្វផ្សាយ និងម្ចាស់រថយន្ត កាលពីថ្ងៃទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នៅទីស្តីការ ក្រសួងបរិស្ថាន។

សមាជិកសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ត ព្រះតេជគុណ ព្រហ្ម ប៊ុនរិទ្ធ មានសង្ឃដីកាថា រឿងនេះ គឺជាការភាន់ច្រឡំប៉ុណ្ណោះ មិនមានការបាញ់សត្វព្រៃដូចការចោទប្រកាន់នោះទេ ក្រោយឃាត់រថយន្តត្រួតពិនិត្យ និងធ្វើការស៊ើបអង្កេតរួចមក។ ហើយរូបថតដែលភ្ជាប់រថយន្តពណ៌ត្រអ៊ី និងសត្វទន្សោង ដែលបានបាញ់ស្លាប់ជាហេតុការណ៍ពីរផ្សេងគ្នា។

ព្រះតេជគុណបញ្ជាក់ថា ជាការយល់ច្រឡំលើរថយន្តមន្រ្តីយោធា ព្រោះព្រះអង្គបានឃើញពីចម្ងាយ ហើយរថយន្តមិនបានឈប់នៅពេលបានជួបក្រុមព្រះអង្គ ជាអ្នកអភិរក្សសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ទ ដែលកំពុងបំពេញការងារនៅទីនោះ។

ព្រះអង្គបន្តថា មានម្ចាស់ហ្វេសបុកម្នាក់ឈ្មោះ Vadthanak Preap ចុះផ្សាយដោយដកស្រង់សង្ឃដីការបស់ព្រះអង្គមកបន្ថែមខ្លឹមសារខុសពីការពិតដូចខាងក្រោម៖
១.គណនីនេះ បានថែមខ្លឹមសារលើខ្លឹមសារដើមរបស់ហ្វេសប៊ុក របស់ព្រះអង្គ ដោយហ្វេសប៊ុកនេះ បានបង្ហោះថា ករណីសង្ស័យបាញ់សត្វ ដោយភ្ជាប់រូបភាពរថយន្ត និងសត្វទន្សោង ២ ក្បាល ដែលបានស្លាប់ ២ ថ្ងៃមុនការចុះផ្សាយថា នៅឯខេត្តឧត្តរមានជ័យ។ តាមពិតទន្សោង ២ ក្បាលនោះ ត្រូវបានបាញ់ស្លាប់នៅក្នុងខេត្តមណ្ឌលគិរី មិនមែននៅក្នុងខេត្តឧត្តរមានជ័យ ឡើយ។ នេះជាករណីដាច់ដោយឡែក និងមានការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលព្រះសង្ឃយល់ថា មានចេតនាបំពុលសង្គម។

ជាមួយគ្នានេះលោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថានបញ្ជាក់ថា ក្រសួងនៅតែបន្តរកជនដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ត្រូវយកមកផ្ដន្ទាទោសតាមច្បាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា សត្វទន្សោងញី២ ក្បាល ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់នៅក្នុងព្រៃការពារភ្នំព្រេច នៃបរិវេណដីក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ស្ថិតនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post