header ads

Sponsor

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនគ្រោងបន្តផ្តល់នូវហិរញ្ញប្បទានឥតសំណង ជាង២០លានដុល្លារ សម្រាប់គាំទ្រដល់វិស័យអប់រំ និងសុខាភិបាលកម្ពុជា។ នេះបើតាមលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជួបលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។

លោកឯកអគ្គរាជទូត MIKAMI Masahiro បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការយ៉ាងល្អប្រសើរ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ រដ្ឋាភិបាលជប៉ុន នឹងបន្តផ្តល់ជំនួយបច្ចេកទេស, ហិរញ្ញប្បទានឥតសំណង ជាពិសេសប្រាក់កម្ចីឥណទានសម្បទានផងដែរ សម្រាប់ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ និងស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩។

រដ្ឋាភិបាលជប៉ុន គ្រោងនឹងបន្តផ្តល់នូវហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងចំនួន២ មានទឹកប្រាក់សរុបប្រមាណ ២,៥០១ លានយ៉េនជប៉ុន ត្រូវជាប្រមាណ២២.៧៣លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់វិស័យអប់រំ និងសុខាភិបាលកម្ពុជាផងដែរ។នេះជាការបញ្ជាក់របស់លោក MIKAMI Masahiro នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច។

លោក អូន ព័ន្ធមុនីរ័ត្ន ថា ជំនួយទាំងនេះ ជាចំណែកជួយអភិវឌ្ឍន៍កម្ពុជាធំធេង ស្របពេលដែលកម្ពុជា កំពុងតែជួបវិបត្តិ និងការរាលដាលនៃជំងឺកូវីដ-១៩។

«រដ្ឋាភិបាលជប៉ុន តែងតែជួយឧបត្ថម្ភ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ចំគោលដៅ និងទាន់ពេលវេលា ជាពិសេសក្នុងពេលជួបការលំបាក។ សកម្មភាពទាំងនេះ ជាកាយវិការមនុស្សធម៌ដ៏ថ្លៃថ្លា ដែលឆ្លុះបញ្ចាំងឲ្យឃើញថា «ប្រទេសជប៉ុន គឺជាដៃគូយុទ្ធសាស្រ្តដ៏ប្រពៃ និងជាមិត្តភ័ក្តដ៏ល្អ សម្រាប់កម្ពុជា»។ នេះជាការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកម្ពុជា៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post