header ads

Sponsor

(ខេត្តស្វាយរៀង)៖ ករណី ជនជាតិម្នាក់បានស្លាប់នៅលើរថយន្តខណៈពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង បន្ទាប់ពីរថយន្តសាមុយរបស់មន្ទីរពេទ្យព្យាបាលសោភណ្ឌ័អូរវ៉ាង ដឹកបញ្ជូនមកពីក្រុងបាវិត ករណីនេះបានកើតឡើងនៅវេលាម៉ោង១និង០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៦ឧសភា២០២០ ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ក្រុមគ្រូពេទ្យបានយកសពជនជាតិចិនទៅដាក់នៅក្នុងបន្ទប់លេខ៤ អគារសម្តេចម៉ែ ស្ថិតនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដើម្បីពិនិត្យនិងធ្វើកោសល្យវិច្ច័យ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនដែលស្លាប់ឈ្មោះ គូ ហ្វាងយាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិនបានមកស្នាក់នៅបន្ទប់លេខB02-18 វិថីពាណិជ្ជកម្មថ្មើជើង ទល់មុខកាស៊ីណូឡឺម៉ាកាវ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ប្រភពដដែល បន្តទៀតថា ជនជាតិចិនរងគ្រោះនេះបានមករស់នៅក្រុងបាវិត ជាយូរខែមកហើយដោយប្រកបមុខរបរលក់ដូរក្នុងអគារនៃវិថីពាណិជ្ជកម្មថ្មើជើងនេះ។

នៅមុនពេលកើតហេតុ នៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៥ឧសភា២០២០ ជនរងគ្រោះមានជម្ងឺថប់ផ្លូវដង្ហើមក៏ត្រូវមិត្តភក្តិបញ្ជូនមកមន្ទីរសម្រាកព្យាបាលសោភណ្ឌ័អូរវ៉ាង ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។ លុះដល់ម៉ោងប្រមាណ១២និង៣០នាទីយប់កណ្តាលអាធ្រាត ជនរងគ្រោះមានអាការៈធ្ងន់ធ្ងរក្រុមគ្រូពេទ្យមន្ទីរពេទ្យសម្រាកព្យាបាលសោភណ្ឌ័អូរវ៉ាង បានលើកជនរងគ្រោះដាក់លើរថយន្តសាមុយដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីសង្គ្រោះក៏ប៉ុន្តែយឺតពេលទៅហេីយមិនអាចសង្គ្រោះបាន ជនរងគ្រោះបានស្លាប់នៅលើរថយន្តសាមុយរបស់មន្ទីរពេទ្យសម្រាកព្យាបាលសោភណ្ឌ័អូរវ៉ាង។

ទាក់ទិន រឿងនេះ ដែរបើតាមលោកវេជ្ជបណ្ឌិត អ៊ុត សុផាន់ណា ប្រចាំនៅមន្ទីរពេទ្យសម្រាកព្យាបាលសោភណ្ឌ័អូវ៉ាងបានឲ្យដឹងថា ជនជាតិចិនឈ្មោះ គូ ហ្វាងយាន មានប្រវត្តិជម្ងឺបេះដូង និងបានផឹកស្រាច្រើនមានអាការៈស្រវឹងខ្លាំង បណ្តាលឲ្យចុកទ្រូងខ្លាំង (គឺមានជម្ងឺបេះដូង) ហើយពេលគ្នាក្រុមជនជាតិចិនបានដឹកជនរងគ្រោះមកដល់ ឃើញសភាពធ្ងន់ធ្ងរក៏ប្រាប់ឲ្យបញ្ជូនតាមរថយន្តរបស់ចិនផ្ទាល់ខ្លួន ទៅមន្ទីរពេទ្យខេត្ត ក៏ប៉ុន្តែអ្នកដឹកជនរងគ្រោះមកប្រាប់ថារថយន្តរបស់គេគ្មានបរិក្ខាពេទ្យ សុំឲ្យមន្ទីរពេទ្យជួយសង្គ្រោះបន្ទាន់បឋម ដោយអ្នកបកប្រែម្នាក់និងជនជាតិចិនម្នាក់បានធ្វើកិច្ចសន្យាសុំជួយសង្គ្រោះបឋម ក្រុមគ្រូពេទ្យក៏បានយល់ព្រមជួយសង្គ្រោះបន្ទាន់និងធ្វើចលនាបេះដូង ក៏ប៉ុន្តែមន្ទីរពេទ្យសោភណ្ឌ័អូវ៉ាងគ្មានឧបករណ៍សម្រាប់ធ្វើចលនាបេះដូងទេ។

បន្ទាប់មកឲ្យជនជាតិចិនបញ្ជូនអ្នកជម្ងឺទៅមន្ទីរពេទ្យខេត្ត ក៏ប៉ុន្តែពួកចិនសុំឲ្យរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យសោភណ្ឌ័អូវ៉ាង ជួយបញ្ជូនទៅ ខណៈនោះរថយន្តសង្គ្រោះជាប់រវល់បញ្ជូនអ្នកជម្ងឺទៅមន្ទីរពេទ្យខេត្តដែរ រហូតដល់ម៉ាង១២និង៣០នាទីទើបរថយន្ដត្រឡប់មកវិញទើបបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។ ខណៈបញ្ជូនទៅជិតដល់មន្ទីរពេទ្យខេត្តទៅហើយជនរងគ្រោះធ្លាក់តង់ស្យុងឈាមខ្លាំង ហើយបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត។

ចំពោះ លោកវរសេនីយ៍ទោ មុំ សារ៉ុន នាយការិយាល័យបច្ចេកទេសស្នងការដ្ឋាននគបាលខេត្ត បានឲ្យដឹងថា ការធ្វើកោសល្យវិច្ច័យឃើញថា ស្លាប់ដោយសារគាំងបេះដូង ពុំមែនជាករណីកូវីដ-១៩ទេ ហើយក្រោយពីពិនិត្យធ្វើកោសល វិច្ឆ័យ រួចសមត្ថកិច្ចបានវេចខ្ចប់សពបញ្ជូនទៅរក្សាទុកនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែឧសភា វេលាម៉ោង៨ព្រឹកតាមការសំណូមពររបស់សាច់ញាតិដើម្បីទំនាក់ទំនងស្ថានទូតចិនបញ្ជូនសពទៅប្រទេសចិនវិញ។

ទាក់ទង ករណីនេះដែរលោកវេជ្ជៈ កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត ស្វាយរៀង បានមានប្រសាសន៍ថា ក្រុមការងារមន្ទីរសុខាភិបាលនិងចុះស្រាវជ្រាវករណីនេះនៅថ្ងៃចន្ទ័ទី១៨ឧសភាខាងមុខនេះលទ្ធផលយ៉ាងណា និងផ្តល់ព័ត៌មានពេលក្រោយទៀត៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post