header ads

Sponsor

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអះអាងថា មកដល់ពលនេះ កម្ពុជានៅមិនទាន់ទទួលបានព័ត៌មានផ្លូវការពីរដ្ឋាភិបាលវៀតណាម ជុំវិញការចុះផ្សាយរបស់​កាសែតវៀតណាមដែលថា ជនជាតិវៀតណាមម្នាក់ មានផ្ទុកកូវីដ១៩ ក្រោយ​វិលត្រឡប់​ពីកម្ពុជា។ លោកស្រី ចាត់ទុកព័ត៌មាននេះថា មិនមានភាពជាក់លាក់។

សារព័ត៌មានវៀតណាមឈ្មោះ VN Express បានចុះផ្សាយថា បុរជនជាតិវៀតណាមម្នាក់ រស់នៅក្នុងខេត្តតាញិញជាប់ព្រំដែនកម្ពុជា វៀតណាម បានធ្វើដំណើរមកខេត្តសៀមតាមឡានក្រុង ក្រោយមកលួចធ្វើដំណើរចូលទឹកដីវៀតណាមវិញ បន្ទាប់ពីកម្ពុជា និងវៀតណាមបានបិទព្រំដែននឹងគ្នា។ អាជ្ញាធរវៀតណាម បានរកឃើញបុរសម្នាក់នេះ និងបានធ្វើតេស្តរហូតដល់ពីរលើក ដោយឃើញថា បុរសនោះ មានផ្ទុកកូវីដ១៩ ។

យ៉ាងណាក្តីលោកស្រី ឱ វណ្ណឌីន បានឆ្លើយតបយ៉ាងនេះថា៖«ខ្ញុំជម្រាបថា មកទល់ពេលនេះ​ យើងមិនទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាមចំពោះករណីដែលបានលេីកឡេីងនៅក្នុងសារព័ត៌មានចុះផ្សាយនោះទេ។ ម្យ៉ាងទៀត​ ក្រុមការងាររបស់ក្រសួងសុខាភិបាល​ ក៏បានស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនទទួលបាននូវព័ត៌មានជាក់លាក់ណាមួយស្ដីអំពីករណីដូចការចុះផ្សាយនោះដែរ។ តាមការចុះផ្សាយនោះទៀត​ គឺយើងក៏មិនអាចដឹងបានដែរថា​ តើការដែលចម្លងនេះ​ វាអាចឆ្លងនៅប្រទេសណាមួយដែរទេ​? ដោយសារការចម្លងវីរុសនេះ​ វាអាចកើតមានឡេីងគ្រប់ទីកន្លែង​ គ្រប់កាលៈទេសៈ​ និងគ្រប់ពេលវេលា​ទាំងអស់​ ជាពិសេសទៅទៀតនោះ​ គឺនៅពេលដែលបុគ្គលធ្វេីដំណេីរចល័ត​តែម្តង»។

លោកស្រីបន្តថា គ្រប់ព័ត៌មាន​ដែលទទួលបាន ក្រសួងសុខាភិបាល តែងតែស្រាវជ្រាវនៅដោយបានរុករកឲ្យអស់លទ្ធភាព ហើយថ្ងៃនេះ​ កម្ពុជានៅតែមិនទាន់រកឃើញមានករណីវិជ្ជមានថ្មីណាមួយនោះទេតាមរយៈប្រព័ន្ធស្រាវជ្រាវតាមដានរបស់កម្ពុជា។ «ដូច្នេះករណីនេះមិនមានភាពជាក់លាក់​ ហើយក៏មិនអាចនឹងវាយតម្លៃថា​ការចម្លងនេះ​ គឺកើតចេញពីកម្ពុជាយើងដែរ​ ដោយសារបុគ្គលនោះបានទៅដល់ប្រទេសវៀតណាម​ បេីគិតទៅហួសពី១៤ថ្ងៃទៅហេីយមកទល់ពេលដែលចុះផ្សាយថារកឃេីញវិជ្ជមាននោះ​។ ក្រសួងសុខាភិបាល​នៅតែប្រកាន់ជំហរសហប្រតិបត្តិការ​ល្អ​ មានតម្លាភាព​ជានិច្ច និងបន្តការយកចិត្តទុកដាក់ស្រាវជ្រាវជាបន្តទៀត​ ហើយប្រសិនបើយើងមានព័ត៌មាន​ ឬក៏មានការវិវឌ្ឍន៍ថ្មីណាមួយដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ នេះ​ ក្រសួងសុខាភិបាល​ នឹងជម្រាបជូនសាធារណៈជនឲ្យបានជ្រាបជាមិនខានឡេីយ»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យខាងលើ។

កាលពីថ្ងៃទី ១៦ ខែឧសភា ក្រសួងសុខាភិបាល បានប្រកាសថា អ្នកឆ្លងកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាទាំង ១២២ នាក់ បានជាសះស្បើយទាំងអស់ ដោយគ្មាននរណាម្នាក់ស្លាប់នោះទេ។ ជាមួយគ្នានេះ ក្រសួងអះអាងថា ជាង ១ ខែមកនេះ កម្ពុជារកឃើញករណីឆ្លងកូវីដ ១៩ ថ្មីនោះឡើយ៕
ផ្ដល់សិទ្ធិ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post