header ads

Sponsor

បណ្ដឹងតវ៉ា ពីក្រុម​កីឡាការនី​បាល់ទាត់ជម្រើសជាតិ​អាមេរិក ​ដើម្បីទាមទារ​ឱ្យ​កីឡាការិនី​ទទួល​បាន​ប្រាក់​កម្រៃ​ពល​កម្ម​ស្មើ​គ្នា​នឹង​កីឡាករ​ ត្រូវបានតុលាការបដិសេធ កាល​ពី​ថ្ងៃ​សុក្រ​ទី១ ខែមេសា​។ តុលាការ ថែមទាំងបានច្រាន​ចោល ​ការអះអាងដែល​ថា ​កីឡាការិនី ​ទទួល​បាន​កម្រៃ​ពល​កម្ម ឬ ប្រាក់ខែ​ទាប​ជាង​កីឡាករ។

គួរជម្រាបជូនថា ពាក្យ​បណ្ដឹង​នេះ​ ត្រូវ​បានធ្វើ​ឡើង​ដោយ​កីឡាការនី​ជម្រើសជាតិ​ចំនួន ២៨នាក់​កាលពី​ឆ្នាំ​មុន​ ដោយ​បានប្ដឹង​សហព័ន្ធ​បាល់ទាត់អាមេរិក​តែម្ដង។ ពួកគេ​បានប្ដឹងទាមទារ​សំណង​ការខូចខាត​ដែលមានទំហំ ៦៦លានដុល្លារ​អាមេរិក​ ដោយ​សំអាងលើ​ច្បាប់ស្ដី​ពី​ការ​ផ្ដល់​ប្រាក់កម្រៃស្មើគ្នា (Equal Pay Act)។

យោងតាមសម្ដី​របស់អ្នក​នាំពាក្យ​​កីឡាការិនី​ជម្រើសជាតិ​អាមេរិក​ គឺ​លោក​ស្រី Molly Levinson គឺពួកគេមានផែនការ​ប្ដឹងឡើងឧទ្ធរណ៍​បន្តទៀត ដើម្បីជំទាស់​នឹង​ការ​សម្រេចចិត្ត​របស់តុលាការ។ លោកស្រី បានលើកឡើងថា សេចក្ដីសម្រេចចិត្ត​នេះ​ធ្វើ​ឱ្យពួកគេហួសចិត្ត ភ្ញាក់ផ្អើល និងអាក់អន់ចិត្តជាខ្លាំង ប៉ុន្តែ​ពួក​គេ​នឹង​មិន​បោះ​បង់​ការ​ព្យាយាម​តវ៉ា​មួយនេះ​ឡើយ។ ពួកគេមិនចង់ឱ្យ​ក្មេងស្រី និងស្ត្រី​ដែល​ចាប់អាជីព​ជា​កីឡាការិនី​បាល់ទាត់​នាពេលអនាគត​ត្រូវបានផ្ដល់តម្លៃទាបជាងបុរស​ដោយសារ​តែ​ភេទ​របស់​ពួកគេនោះទេ។​​

គួររម្លឹកថា ក្រុម​បាល់ទាត់ជម្រើសជាតិអាមេរិក ផ្នែកនារី បាន​ឈ្នះ​តំណែងជើងឯកការប្រកួតបាល់ទាត់​ពិភពលោកផ្នែក​នារី Women’s World Cup កាលពីឆ្នាំ ២០១៩ ដែលជាតំណែងជើងឯកលើកទី ៤។ ពួក​គេ ​ក៏​ឈ្នះ​មេដាយ​មាស​អូឡាំពិក ៥ជំនាន់​ផងដែរ។ សមិទ្ធិផល​ទាំងនេះហើយ ទើប​ធ្វើឲ្យក្រុមបាល់ទាត់នារី មាន​ទឹកមាត់​ប្រៃជាងគេ ក្នុងការ​ទាមទារភាព​ស្មើគ្នា រវាងកីឡាករ និងកីឡាការនី។

ប៉ុន្តែក្រោយការប្ដឹងទាមទារ​កម្រៃពលកម្មស្មើគ្នា ត្រូវបានច្រានចោល ទាំងខ្សែប្រយុទ្ធ Megan Rapinoe ដែលឈ្នះបានពានរង្វាន់ស្បែកជើងមាស និងខ្សែប្រយុទ្ធ Alex Morgan សុទ្ធតែបានសរសេរ​នៅលើបណ្ដាញសង្គម Twitter បញ្ជាក់ពីគោលជំហរ​មិនបោះ​បង់​ចោល​ការព្យាយាម​​ទាមទារ​របស់ពួកគេ។

សូមបញ្ជាក់ថា បណ្ដឹងតវ៉ា​របស់​កីឡាការិនី​​នេះ ក៏​ត្រូវបាន​កីឡាករ​ជម្រើសជាតិ​អាមេរិក ​សម្ដែងការគាំទ្រ​ជា​សាធារណៈ ដោយ​កាលពីខែកុម្ភៈ​​ ក្រុមកីឡាករ​បានចេញសេចក្ដីថ្លែងការណ៍​មួយ​ រិះ​គន់​សហ​ព័ន្ធ​​​បាល់ទាត់​អាមេរិក ថា​បានរើស​អើង​ចំពោះ​ប្រាក់កម្រៃ​ និង​លក្ខ​ខណ្ឌ​​ការងារ​របស់​កីឡាការិនី៕

ប្រភព៖ BBC

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post