ប្រទេសម៉ាឡេស៊ី បានទទួលទិញសណ្តែកដីពីកម្ពុជា នៅក្នុងបរិមាណប្រមាណ ៣២,៦៤ តោន ដែលទំហំនេះ គិតចាប់ពីខែ មករា ដល់ខែមេសា ឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សណ្តែកដី គឺជាដំណាំដែលកសិករកម្ពុជាដាំសម្រាប់តែការផ្គត់ផ្គងនៅក្នុងស្រុក និង ការដោះដូរក្រៅប្រព័ន្ធជាមួយនឹងប្រទេសជិតខាងតែប៉ុណ្ណោះ ដូចជា ប្រទេសវៀតណាម និងប្រទេសថៃ។
ដំណាំសណ្តែកដី ត្រូវបានគេដឹងថា គឺជាដំណាំដែលកសិករកម្ពុជាតែងតែដាំ សឹងតែគ្រប់ តំបន់នៅទូទាំងប្រទេស ។ ដីដែលអាចដាំដុះដំណាំសណ្តែកដីនេះបាន គឺជាប្រភេទល្បាយខ្សាច់ ពោលគឺជាដីមានសភាពធូរ។ ជាទូទៅដំណាំប្រភេទនេះ កសិករកម្ពុជា តែងតែដាំមុនចូលឆ្នាំខ្មែរ និងមានរយៈពេលដាំប្រមាណ៤ទៅ៥ខែ។ វាគឺជាប្រភេទរុក្ខជាតិដែលមិនត្រូវការដីមានជាតិសំណើមខ្លាំងពេក ។ សណ្តែកដីអាចធន់ទ្រាំនឹងកម្តៅបានមិនលើសពី៣៨អង្សាសេ។
សណ្តែកដី គឺជាប្រភេទដំណាំមើមម្យ៉ាង ដែលពលរដ្ឋកម្ពុជានិយមយកវាមកធ្វើជាអាហារ ជាបង្អែម ជារបស់ដែលទទួលទានលេងកំដរមាត់ ដោយស្ងោរ លីង និងការកែច្នៃផ្សេងៗទៀត ។ សណ្តែកដី ក៏ជាគ្រឿងផ្សំសម្រាប់មុខម្ហូបបែបប្រពៃណីជាច្រើនផងដែរ៕ AKP
ផ្ដល់សិទ្ធិដោយ៖ khmernas