header ads

Sponsor

បទពិសោធន៍មួយក្នុងចំនោមមួយលាន នៃរសជាតិជីវិត... ធ្លាប់ជួបគ្រោះថ្នាក់វិះក្រឡាប់ឡាន យន្ដហោះអស់សាំង យន្ដហោះជួបព្យុះ ឡានបុកឡើងសន្លប់ឈឹងជិះម៉ូតូធ្លាក់ស្ពានតែឯងហើយ នៅមានរឿងជាច្រើនទៀតដែលខ្ញុំធ្លាប់ជួប 😵😵😵 ក្នុងហេតុការណ៍នីមួយៗ ខ្ញុំមានការតត់ស្លុក និងភ័យបារម្ភខ្លាំងទាំងអស់។ ហើយក៍តែងតែបន់ស្រន់ថាកុំអោយមានរឿងអាក្រក់ៗ កើតឡើងទៀតប៉ុន្ដែការបន់ស្រន់នោះ មិនដែលសម្រេចម្ដងណាឡើយ ខ្ញុំនៅតែជួបរឿងចង្រៃមិនចេះចប់ តែទោះគ្រោះធំយ៉ាងក៍មិនដែលអស់ជីវិតដែរ។ ប៉ុន្ដែរឿងរ៉ាវថ្ងៃនោះធ្វើអោយខ្ញុំលុបមិនជ្រះ ហើយជាមេរៀនមួយសម្រាប់ខ្ញុំ និងសម្រាប់អ្នក ដែលនៅក្បែរខ្ញុំផងដែរ។ តែងតែមានសំនួរសួរថាបើសិនអ្នកដឹងមុនថាអ្នកនឹងស្លាប់តើអ្នកនិងធ្វើអ្វីមុនគេ? ថ្ងៃនោះខ្ញុំបាននឹកឃើញសំនួរនេះ ខ្ញុំសួរខ្លួនឯង ហើយក៍ឆ្លើយខ្លួនឯងថាគ្មានអ្វីដែលអាចធ្វើបានទេ ព្រោះជាប់ស្ញេញនៅកណ្ដាលជ្រោះហើយមានតែបន់ស្រន់អោយមនុស្សដែលរស់នៅបានសេចក្ដីសុខ ហើយសូមអោយអ្នកនៅក្បែរដៃខ្ញុំមានសុវត្ថិភាព។ ហើយមានពេលខ្លះខ្ញុំចង់ស្លាប់ តែរកវិធីស្លាប់មិនបាន ចុះហេតុអីពេលនេះវិធីធ្លាប់មកដល់ហើយរឿងអីខ្ញុំត្រូវខ្លាចស្លាប់។

ខ្ញុំបារម្ភជាងគេគឺមនុស្សនៅក្បែរខ្លួនខ្ញុំ ខ្ញុំខ្លួនឯងពិតជាមិនបារម្ភសោះ តែខ្ញុំបែរជាបារម្ភខ្លាចមនុស្សគ្រប់គ្នាដែលស្គាល់ខ្ញុំបារម្ភខ្លាចបាត់បង់ខ្ញុំទៅវិញ។ ហើយខ្ញុំក៍ដឹងខ្លួនថាបើជាខ្ញុំតែម្នាក់ឯង ខ្ញុំពិតជាមិនស្លាប់ទេបើទោះបីជាខ្ញុំមិនខ្វល់នឹងសេចក្ដីស្លាប់ក៍ដោយ។ ប៉ុន្ដែខ្ញុំពិតជាមិនអាចអោយមនុស្សដែលមិនដឹងអី ហើយនៅមានអនាគតវែងឆ្ងាយមកលំបាក ជាមួយខ្ញុំឡើង។ រយៈពេលបីម៉ោង ទឹកចាប់ផ្ដើមឡើងទៅៗ ខ្ញុំកាន់តែបារម្ភពីក្មេងស្រីដែលនៅ ក្បែរខ្ញុំ។ ការរង់ចាំអ្នកសង្គ្រោះកាន់តែយូរទៅៗ ខ្ញុំកាន់តែលែងមានសង្ឃឹម ហើយក៍បណ្ដោយការគិតតាមយថាកម្ម ថាបើសិនជាខ្ញុំពិតជាដល់អាយុត្រូវស្លាប់មែននោះក៍ស្លាប់ទៅចុះសំខាន់សូមអោយតែក្មេងស្រីដែលនៅក្បែរខ្ញុំនេះរួចជីវិត។

នេះហើយជាក្ដីប្រាថ្ញាចុង ក្រោយរបស់ខ្ញុំ។ ខ្ញុំក៍គិតដល់ក្រុមគ្រួសារខ្ញុំដឹងថាពួកគេបារម្ភពីខ្ញុំខ្លាំងបំផុត ប៉ុន្ដែបើសិនជាជីវិតខ្ញុំត្រូវអស់ហើយ ទោះខ្ញុំប្រឹងយ៉ាងណាក៍មិនអាចរស់ដែរ។ តែពេលខ្ញុំធ្លាក់ភ្លឹមទៅក្នុងបាតស្ទឹងខ្ញុំ បែរជាស្រវាឡើងគោក ហើយការប្រឹងដកដង្ហើមដើម្បីរស់ក៍នាំខ្ញុំមកកាន់ទីសុវត្ថិភាព។ រឿងនេះធ្វើអោយខ្ញុំកាន់តែរឹងមាំ ហើយក៍លែងខ្លាចការស្លាប់ ខ្ញុំគ្រាន់តែដឹងថាខ្ញុំមិនដែលធ្វើអំពើអាក្រក់លើអ្នកណា ដូច្នេះ បើសិនជាខ្ញុំត្រូវស្លាប់គឺបានន័យថាខ្ញុំអស់កម្មហើយ តែបើខ្ញុំមិនទាន់ស្លាប់ ចឹងបានន័យខ្ញុំមិនទាន់ អស់រឿងដែលត្រូវធ្វើទេ។ អរគុណជាងគេអ្នកដែលបានជួយជីវិតខ្ញុំ គាត់ពិតជាមនុស្សដែលមានគុណបំផុតដែលហ៊ានលះបងជីវិតខ្លួនឯងដើម្បីខ្ញុំទាំងដែលខ្ញុំជាអ្នកដទៃសុទ្ធសាធ។

រឿងរ៉ាងកើតឡើងនៅថ្ងៃទី09 ខែមេសា ឆ្នាំ២០១៧!!!! ខ្ញុំនិងប្អូnស្រីម្នាក់ទៀតឈ្មោះថារីឌី ពួកយើងបានចុះទៅជួបជាមួយប្រជាពលរដ្ឋនៅសហគមន៍កោះប៉ោដោយអូប័រ។ បន្ទាប់ពីបានជួបជជែកជាមួយសហគមន៍ហើយយើងបានជិះអូប័រមើលស្ថានភាពព្រៃកោងកាង និងកន្លែងដែលគេបូមខ្សាច់ ហើយក៍បានទៅដល់ទឹកជ្រោះមួយកន្លែងដែលអ្នកស្រុកហៅថាក្បាលឆាយ ឬស្សីជ្រំ។

កន្លែងនោះពិតជាស្អាតណាស់ ព្រៃ ឈើស្ដុក ផ្ទាំងថ្មភ្នំធំៗ ព័ទ្ធជុំវិញស្ទឹងដែលយើងកំពុងបើកអូប័រសំដៅទៅទឹកធ្លាក់។ ព្រៃឈើខៀវស្រងាត់ ពពកពណ៌ផ្ទៃមេឃ សល្អឥតខ្ចោះ។ វាធ្វើអោយខ្ញុំនិងរីឌីកាន់តែបង្ហើរអារម្មណ៍យ៉ាងសប្បាយ មិនគិតវែងឆ្ងាយថាខាងលើមានទំនប់វារីអគ្គិសនីដ៍សែនធំ ធំប្រហែលមហា កំពែងចិន។ យើងបានចូលអូប័រទកណ្ដាលស្ទឹង ដែលមានទឹកជ្រោះធ្លាក់អមសងខាងហូរត្រ បាញ់ មើលទៅពិតជាស្រស់ស្ងាតខ្លាំងណាស់។ យើងចងអូប័រនិងមែកយើងមួយដែលគៀបជាប់ និងថ្ម ហើយដើរឡើងទៅផ្ទាំងថ្មធំៗ ដោយឆ្លងកាត់ ដុំថ្មធំៗ ចំងាយប្រហែល៥០ ពីអូប័រ។ ពួកយើងញុំាបាយ ងូតទឹក ថតរូបលេងយ៉ាងសប្បាយ។ កំពុងឆ្លួកវង្វេងនិងធម្មជាតិ និងកំពុងតែឆ្ងល់ថាហេតុអីកន្លែងស្អាតបែបនេះបែរជាគេ ធ្វើទំនប់វារីអគ្គិសនី ធ្វើអោយកន្លែងនេះមិនអាចអោយមនុស្សមកលេងបាន។ បន្ទាប់ពីលេងទឹក ញុំាបាយសំរាករួចហើយ យើងក៍ដល់ម៉ោងទៅសហគមន៍វិញ។ រៀបចំសំភារៈរួច យើងក៍ដើរចុះមកអូប័រវិញ។ ព្រះអើយ ទឹកឡើងដល់ចង្កេះ ហូរឡើងត្របាញ់ ពួកយើងព្យាយាមឆ្លងទឹកទៅអូប័រ ចំងាយប្រហែលជា៥ម៉ែត្រ តែមិនអាចឆ្លងទៅបានសោះ ហើយស្ទើរតែហូរគួចទៅតាមទឹកទៀតផង។ ម្ដងជាពីរដង បីដង បួនដង លើកទីប្រាំ រីឌី វិះតែហូរគួចទៅតាមទឹក។

សំណាងអាក្រក់ទូរស័ព្ទរបស់ ខ្ញុំចូលទឹកពេញបើកមិនចេញសោះ ហើយទឹកក៍កាន់តែឡើងខ្លាំងឡើងៗ។ ខ្ញុំព្យាយាមបើទូរស័ព្ទ គោះទូរស័ព្ទផង បន់ផងកុំអោយមេឃភ្លៀងផង ទីបំផុតខ្ញុំក៍បើកទូរស័ព្ទចេញ ហើយក៍បានខល ទៅរកជំនួយពី ក្រុមការងារ។ ពេលកំពុងរងចាំយើងព្យាយាមរកផ្លូវឆ្លងទៅខាង តែមិនអាចទេ ព្រោះពួកយើងនៅកណ្ដាលស្ទឹង ហើយអមសង ខាងគឺជាទឹកជ្រោះហូរត្របាញ់ ចំងាយទៅខាង ម្ខាងប្រហែល២០ម៉ែត្រឯណោះ គ្មានវិធីផ្សេងក្រៅពីរងចាំជំនួយនោះទេ។ រយៈពេលជិត២ ម៉ោងដែលពួកយើងរងចាំបងវណ្ណៈ និងគន្ធឌី។ មេឃភ្លៀងផង រន្ទៈផង យើងអង្គុយក្នុងរូងថ្មតូចមួយពីរនាក់ ទាំងរងារ ទាំងបារម្ភ ក្នុងចិត្ដគិតអីលែងចេញហើយមានតែបន់ស្រន់អោយអ្នកមកជួយមកអោយអោយបានលឿនព្រោះទឹកកាន់តែឡើងទៅៗ មិនស្រកសោះ។

ទីបំផុតអ្នកជួយយើងក៍មកដល់អារម្មណ៍ភ័យខ្លាចក៍រំសាយបានខ្លះ។ អ្នកជួយមកដល់ហើយ តែធ្វើម៉េចទៅ ទើបពួកគេអាចឆ្លងមករកខ្ញុំបាន? ក្នុងចិត្ដចាប់ផ្ដើមភ័យម្ដងទៀត នៅពេលដែលបងវណ្ណៈសំរេចចិត្ដ ទំលាក់ខ្លួនពីជ្រោះ ឆ្លងមករកពួកយើងចំងាយជាង២០ម៉ែត្រដែលទឹកកំពុងតែហូរបោកត្របាញ់និងថ្ម។ បងវណ្ណៈពាក់អាវពោង និងមានខ្សែរពួរសម្រាប់ជួយអោយពួកយើងឆ្លង ទៅរកអូប័រ។

ពិតជាអស្ចារ្យមែនទែន ក្រោយពីឆ្លងកាត់ទឹកហូរត្រមាញ់ បុកថ្មផងអីផងបងវណ្ណៈ មកដល់គោលដៅ គាត់នៅជ្រុងម្ខាងអូប័ចំណែក ពួកខ្ញុំនៅម្ខាង។ បងណាក់បោះខ្សែរពួរអោយពួកយើងតោងទៅខាងគាត់។ ទឹកហួរគួចខ្លាំងមែន ទែន តែពួកយើងព្យាយាមតោងខ្សែរដែលចង់និងថ្មទាំងសងខាងទីបំផុតក៍អាចឆ្លងទៅខាងអូប័របានទាំងព្រលឹងចុះទៅស៊ីព្រលិត។ លោកអើយ!ទោះបីជាយើងមកដល់អូប័រហើយដោយ ប៉ុន្ដែនៅខាងក្រោមឯណោះទឹកហូរត្របាញ់បុកថ្មចុះទៅស្ទឹង យើងមិនអាចឡើងជិះអូប័រទៅបានទេ មានតែទំលាក់ខ្លួនចុះពីលើទឹកធ្លាក់នោះម្ដងទៀត។លើកនេះកាន់តែគ្រោះថ្នាក់ទៅទៀត ព្រោះយើត្រូវទំលាក់ខ្លួនក្នុងទឹកដែលកំពុងហូរខ្លាំង ហើយមានថ្មនៅពីមុខទៀត ប៉ុន្ដែគ្មានជម្រើសសម្រាប់ពួកយើងទេ យើងត្រូវតែបណ្ដោយខ្លួនតាមទឹក។ គុនឌីបើកអូប័រធំមួយ ទៀតចាំទទួលយើងម្នាក់ម្ដង!
បងវណ្ណៈនៅក្រោយគេ ស្រាយអូប័រអោយហូរតាមទឹករួចហើយ គាត់លតចុះមកតាមក្រោយ។ ពួកយើងមានសុវត្ថិភាពទាំងអស់គ្នា។ អរគុណបងវណ្ណៈដែលប្រថុយជីវិតជួយដល់ពួកយើង។​ អរគុណគុនឌីដែលជួយពួកយើងផងដែរ។​
វីដេអូនេះគុនឌីថតពេលដែលពួកខ្ញុំកំពុងឆ្លងពីថ្មម្ខាងទៀតដែលមានទឹកជ្រៅ តែមើលមិនឃើញពួកខ្ញុំទេ ព្រោះឆ្ងាយពេក។ ដាក់ទូរស័ព្ទចុះហើយគុនឌីបើកអូប័រចាំស្រងពួកខ្ញុំ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post