header ads

Sponsor

មន្រ្តីចិនបានសំដែងការខឹងសម្បារចំពោះប្រទេសអូស្រ្ដាលី បន្ទាប់ពីមន្រ្តីជាន់ខ្ពស់ប្រទេសនេះអំពាវនាវជាលើកដំបូងកាលពីខែមេសាកន្លងទៅ ដើម្បីឱ្យមានការស៊ើបអង្កេតអន្តរជាតិមួយអំពីដើមកំណើតនៃការផ្ទុះឡើងជំងឺឆ្លងរាតត្បាតកូវីដ១៩នៅក្នុងទីក្រុងវ៉ូហានរបស់ប្រទេសចិន។

កាលពីចុងខែមេសា នៅតាមកញ្ចក់ទូរទស្សន៍ រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលីលោកស្រី Marisa Payne បានគាំទ្រឱ្យមានការស៊ើបអង្កេតអន្តរជាតិនេះ ហើយប៉ុន្មានថ្ងៃក្រោយមក ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអូស្រ្តាលីលោក Chen Jingye បានឆ្លើយតបដោយលើកឡើងថា ប្រជាជនចិនអាចនឹងសងសឹកដោយធ្វើពហិការចំពោះការប្រើប្រាស់ទំនិញដែលចូលពីប្រទេសអូស្រ្ដាលី។

លោក Chen Jingyeបានប្រាប់កាសែត Australian Financial Review ថា៖«ប្រជាជនចិននឹងនិយាយថា ហេតុអ្វីបានជាយើងគួរផឹកស្រាអូស្រ្តាលី និងបរិភោគសាច់គោអូស្ត្រាលី?”។

បន្ទាប់ពីឆ្លើយឆ្លងពាក្យសម្ដីដាក់គ្នានេះ គឺមិនដល់មួយខែក្រោយមក យុទ្ធនាការដើម្បីដាក់ទណ្ឌកម្មប្រទេសអូស្រ្តាលី ហាក់ដូចជាកំពុងដំណើរការយ៉ាងពេញលេញ។ ជាក់ស្ដែង កាលពីថ្ងៃទី១២ខែឧសភា ប្រទេសចិនបានឈប់ទទួលទិញសាច់គោពីបណ្ដាកសិដ្ឋានចិញ្ចឹមសត្វអូស្ត្រាលីធំៗចំនួន៤ ដោយលើកហេតុផលពីបញ្ហាសុខភាព។ ៥ ថ្ងៃក្រោយមកទៀត ប្រទេសចិនក៏បានដាក់ពន្ធគយកើនដល់ជាង៨០% លើការនាំចូលស្រូវសាលីរបស់អូស្ត្រាលី។

ប្រទេសចិនគឹជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអូស្រ្ដាលី ដែលទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសទាំងពីរគិតត្រឹមមួយឆ្នាំក្នុងឆ្នាំ២០១៨ គឺមានចំនួនជាង២១៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នៅពេលដែលអូស្រ្ដាលីប្រឈមនឹងការដាក់ទណ្ឌកម្មពីប្រទេសចិននេះ គឺស្របពេលដែលទំនាក់ទំនងសេដ្ឋកិច្ច គឺភាពចាំបាច់និងសំខាន់បំផុតនៅក្នុងអំឡុងនៃការផ្ទុះឡើងជំងឺកូវីដ១៩។

នៅក្នុងពេលមានវោហាសាស្ត្រប្រឆាំងប្រទេសអូស្រ្តាលី កំពុងតែកើនឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន អ្នកជំនាញបាននិយាយថា ការបង្ក្រាបដ៏ជ្រាលជ្រៅទាំងឡាយកំពុងលេចចេញនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក Richard McGregor សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថានឡូវីក្នុងប្រទេសអូស្រ្ដាលីបាននិយាយថា៖«វាពិបាកខ្លាំងណាស់ក្នុងការមើលពីរបៀបដែលគ្មានការពិភាក្សាណាមួយ ដែលយើងអាចបង្កើតការជឿទុកចិត្តឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងទំនាក់ទំនងរវាងអូស្រ្ដាលី-ចិននៅពេលនេះ។

នៅទូទាំងពិភពលោកអ្នកជំនាញនិយាយថា អូស្រ្តាលីត្រូវបានគេមើលឃើញថាជាករណីសាកល្បងមួយ ថាតើប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីមួយ អាចមានទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធនឹងរបបផ្តាច់ការទីក្រុងប៉េកាំងបានទេ បើនៅតែរក្សានូវគោលនយោបាយការបរទេសឯករាជ្យដែលតែងតែរិះគន់គណបក្សកុម្មុយនីស្តចិន?។

អស់រយៈពេលជាច្រើនទសវត្សមក ប្រទេសអូស្រ្ដាលីត្រូវបានគេចាប់រវាងប្រទេសចិនដែលកំពុងកើនឡើងសេដ្ឋកិច្ច ដោយនាំមកនូវទ្រព្យសម្បត្តិសេដ្ឋកិច្ចយ៉ាងច្រើនដល់អូស្រ្តាលី និងទំនាក់ទំនងសន្តិសុខដែលមានជាយូរមកហើយជាមួយសហរដ្ឋអាមេរិក។

ភាគច្រើននៃការនាំចេញរបស់អូស្រ្តាលីទៅកាន់ប្រទេសចិន គឺជាវត្ថុធាតុដើម ដូចជារ៉ែដែក ធ្យូងថ្ម មាស និងរោមសត្វដើម្បីផ្គត់ផ្គង់កំណើនសេដ្ឋកិច្ចឱ្យរីកចំរើនយ៉ាងឆាប់រហ័ស ខណៈដែលប្រទេសនេះ បាននាំចូលពីចិនមកវិញនូវទំនិញប្រើប្រាស់ដ៏ច្រើននិងសមាសធាតុបច្ចេកទេស។

ទំនាក់ទំនងរវាងភាគីទាំងពីរបានចាប់ផ្តើមមានភាពជូរចត់នៅឆ្នាំ ២០១៧ បន្ទាប់ពីប្រទេសអូស្ត្រាលីបានធ្វើសេចក្ដីព្រាងច្បាប់សន្តិសុខថ្មី ដែលត្រូវបានរៀបចំឡើងដើម្បីបង្ក្រាបការជ្រៀតជ្រែកពីបរទេសនៅក្នុងនយោបាយក្នុងស្រុក ហើយរដ្ឋាភិបាលក្រុងប៉េកាំងជឿជាក់ថា ច្បាប់នោះ គឺមានបំណងវាយប្រហារមកលើប្រទេសខ្លួន និងបានត្រូវបានដាក់ប្រទេសអូស្រ្តាលី ឲ្យទៅជាប់គាំងការទូតដ៏ជ្រៅមួយ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post