header ads

Sponsor


ភ្នំពេញ៖ ពលករខ្មែរ ដែលគ្មាន«លិខិតយល់ព្រមក្នុងការស្នាក់នៅដោយឡែក» បញ្ជាក់ដោយការិយាល័យតំណាងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំកម្ពុជា(HRD-Korea) ទេ នឹងមិនអាចចូលកូរ៉េវិញឡើយ។ នេះជាការបញ្ជាក់របស់លោក ឡុង ឌីម៉ង ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង។

លោក ឡុង ឌីម៉ង​ បានបញ្ជាក់ថា ពលករខ្មែរ ដែលបានធ្វើដំណើរមកស្រុកកំណើតនោះ ត្រូវទាក់ទងទៅកាន់ថៅកែ មិត្តភក្តិ និងស្ថានទូតជាមុន ដើម្បីងាយស្រួលស្វែងរកកន្លែងស្នាក់នៅដោយឡែក១៤ថ្ងៃ។ នៅពេលទាក់ទងហើយ ពលករទាំងអ​ស់ ត្រូវទាក់ទងទៅ តំណាងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំកម្ពុជា ដើម្បីសុំលិខិតយល់ព្រមក្នុងការស្នាក់នៅដោយឡែកចំនួនពីរសន្លឹកមក។ បើតាមលោក ឡុង ឌីម៉ង លិខិតទាំងពីរសន្លឹកនេះ គឺមួយសន្លឹក ទុកសម្រាប់បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍នៅព្រលានយន្តហោះកម្ពុជា និងមួយសន្លឹកទៀត ទុកប្រគល់ជូនអាជ្ញាធរក្រសួងសុខាភិបាលកូរ៉េ នៅពេលដែលពលករមកដល់ព្រលានយន្តហោះកូរ៉េតែម្ដង។

ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ប្រសិនបើពុំមានលិខិតយល់ព្រមក្នុងការស្នាក់នៅដោយឡែក ដែលចេញដោយការិយាល័យតំណាងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំកម្ពុជា(HRD-Korea) ទេនោះ បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ នឹងមិនចេញបណ្ណឡើងយន្ដហោះ (Boarding Pass) ដល់ពលករ-ពលការិនីខ្មែរ ឬមិនអនុញ្ញាតឱ្យធ្វើដំណើរចូលប្រទេសកូរ៉េវិញតែម្ដង»។

គួរបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េ បានដាក់ចេញយន្តការរឹតបន្ដឹង ចំពោះពលករ-ពលការិនី កាន់ទិដ្ឋការ E-9 ដែលចេញ-ចូលកូរ៉េ ចាប់ពីថ្ងៃទី៦ ឧសភាមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ គិតត្រឹមថ្ងៃទី៩ ឧសភានេះ កូរ៉េ មានអ្នកជំងឺកូវីដជាង១ម៉ឺននាក់ ក្នុងនោះជាសះស្បើយជាង៩ពាន់នាក់ និងស្លាប់ជាង២០០នាក់៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post