header ads

Sponsor

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយម លោក លឹម គានហោ បានស្នើឱ្យអភិបាលរាជធានី-ខេត្ត ទាំងអស់ ទប់ស្កាត់សកម្មភាពរំលោភបំពាន ដោយចាក់ដីលុបច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក និងបឹងបួ ដែលប៉ះពាល់ដល់សម្បត្តិរដ្ឋ និងការរំដោះទឹក។

លោក លឹម គានហោ បានអះអាងថា ក្រសួងមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហាដែលអាចកើតឡើងដល់លទ្ធភាពនៃការរំដោះទឹក និងបង្កជាគ្រោះមហន្តរាយទឹកជំនន់ដោយសារចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក និងបឹងបួ ឬតំបន់ផ្ទៃរងទឹកភ្លៀងមួយចំនួនត្រូវបានរំលោភ ដោយចាក់ដីលុប និងសាងសង់បិទផ្លូវទឹកនានា ដោយពុំស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

រដ្ឋមន្រ្តីធនធានទឹក បានចេញលិខិតចុះថ្ងៃទី៨ ឧសភា ដោយបានបញ្ជាក់ដូច្នេះថា៖«សូមឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលគ្រប់រាជធានី-ខេត្ត ជ្រាប និងមានវិធានការសមស្រប ដើម្បីជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ដែលមិនសមស្របតាមលិខិតបទដ្ឋានគតិយុត្តបានកំណត់»។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសវិស័យសំណង់ ដែលធ្វើឱ្យកំណើនៃការសាងសង់រីកស្គុសស្គាយ គួរឱ្យកត់សម្គាល់។ ការរីកចម្រើននៃវិស័យសំណង់នេះ ក៏ជាដើមចមនាំឱ្យមានការលុបចំណីច្រាំងទន្លេ ស្ទឹង បឹងបួនេះដែរ។ នេះបើតាមរដ្ឋមន្រ្តីក្រសួងធនធានទឹក៕


ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post