header ads

Sponsor

ក្រសួងបរិស្ថានបញ្ជាក់នៅថ្ងៃទី២៣ឧសភាថា ការចុះល្បាតរបស់មន្ត្រីឧទ្យានុរក្សកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា បានប្រទះឃើញក្បាលសត្វខ្ទីង០១ក្បាល អាយុប្រមាណ៥ ឆ្នាំ បន្សល់ពីការបាញ់សម្លាប់ស្ថិតនៅភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា។

ក្រសួងបន្តថា មន្ទីរបរិស្ថានខេត្ដព្រះវិហារកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីយកមកផ្តន្ទារទោសតាមច្បាប់។  

ជាមួយគ្នានេះកាលពីថ្ងៃទី២៤ ខែឧសភា មានសត្វទន្សោងឈ្មោលមួយក្បាលបានងាប់ដោយសារតែជាប់អន្ទាក់របស់ព្រាន ស្ថិតក្នុងព្រៃសហគមន៍នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ។

ព្រះតេជគុណ ប៊ុន សាលួត មេគណខេត្តនិងជាប្រធានសហគមន៍សង្ឃរុក្ខវន្តនៅខេត្តឧត្តរមានជ័យ បានមានសង្ឃដីកាថា សត្វទន្សោងឈ្មោលមួយក្បាល គឺបានជាប់អន្ទាក់ព្រានព្រៃរងរបួសដាច់ជើងក្រោយ ហើយត្រូវបានប្រទះឃើញនៅក្នុងភូមិសាស្រ្តចំណុចអូរថ្ម ស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។ 

ព្រះអង្គបន្តថា សត្វទន្សោងមួយក្បាលនេះបានងាប់នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០ ដោយសារបានជាប់អន្ទាក់យូរថ្ងៃ អត់ទឹកនិងចំណី ធ្វើឱ្យរូបរាងស្គមស្គាំង និងថ្វីត្បិតមានការខិតខំជួយសង្គ្រោះបានពីក្រុមមន្ត្រីជំនាញនិងមន្ត្រីពាក់ព័ន្ធយ៉ាងណាក្ដី។សាកសពសត្វទន្សោងនេះ ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សនិងកម្លាំងសហគមន៍ព្រៃសង្ឃរុក្ខវ័ន បានដឹកយកមកកប់នៅស្នាក់ការកណ្តាល នៅព្រៃសហគមន៍៍៍៍នៅព្រឹកថ្ងៃទី២៥ខែឧសភានេះ។ 

ព្រះតេជគុណ ប៊ុត សាលួត បានសង្ឃដីកាទៀតថា ព្រៃសហគមន៍សង្ឃរុក្ខវ័នគឺជាព្រៃឈើសហគមន៍មួយនេះសំបូរទៅដោយព្រៃឈើ ជាងគេក្នុងខេត្តឧត្ដរមានជ័យនិងមានពពួកសត្វ កម្រជាច្រើនប្រភេទកំពុងរស់នៅមានដូចជា សត្វទន្សោង ខ្ទីង ប្រើស ខ្លា សត្វទោច ស្វា នឹងពពួកសត្វជាច្រើនទៀត។បច្ចុប្បន្ន សហគមន៍ព្រៃឈើទំហំផ្ទៃដីជាង ៣ម៉ឺន ហិកតា ស្ថិតក្នុងស្រុកសំរោងអន្លង់វែងនិងស្រុកចុងកាល់។ 

ព្រះអង្គបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពបរបាញ់ ហើយចូលរួមក្នុងកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិ ជាមួយសហគមន៍ទាំងអស់គ្នាដើម្បីទុកជាប្រយោជន៍ដល់មនុស្សជាតិទាំងពេលបច្ចុប្បន្ននិងអនាគត។ 

សហគមន៍ព្រៃសង្ឃរុក្ខវ័នបានអះអាងថា នៅក្នុងឆ្នាំ២០២០នេះ មានសត្វទន្សោងចំនួន៤ក្បាលហើយ ត្រូវបានងាប់ ដោយសារការបរបាញ់ ការដាក់អន្ទាក់ និងត្រូវខ្សែភ្លើងឆក់ជាដើម។  

កាលពីថ្ងៃទី ២៤ ខែឧសភា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៏បានទទូចឲ្យប្រជាពលរដ្ឋបញ្ឍប់ការបរិភោគសាច់សត្វព្រៃ ដែលជាហេតុផលបង្កឲ្យមានការគំរាមកំហែងដល់សត្វព្រៃក្នុងប្រទេសកម្ពុជា៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post